ប្រតិភូកីឡាវាយសីប្រទេសនានា មកដល់កម្ពុជា ជាមួយការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ត្រៀមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃ ទី០៧ខែកក្កដា តទៅ
ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានាបានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់ ក្រោមការទទួលស្វាគមន៍យ៉ាងក្តីពីក្រុមការងារម្ចាស់ផ្ទះកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍វាយសី ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅកម្ពុជានេះ មាន៥ប្រទេសចូលរួមប្រកួតប្រជែងជូនជាតិរៀងៗខ្លួន ដូចជាម្ចាស់ផ្ទះ កម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ នេះគឺជាលើកទី២ហើយ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ កាលពីឆ្នាំ២០២៣ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ដំណើរមកដល់របស់អត្តពលិកកីឡាវាយសីមកដល់ទឹកដីកម្ពុជា ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានណែនាំដល់ក្រុមការងារទាំងអស់ ធ្វើយ៉ាងណាទទួលបដិសណ្ឋាកិច្ចប្រតិភូ កីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានាឱ្យប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម។ ជាមួយគ្នានេះ គោលដៅចម្បងរបស់ម្ចាស់ផ្ទះកម្ពុជាធ្វើយ៉ាងណាឱ្យប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនី រួមទាំងមន្ត្រីបច្ចេកទេសអន្តរជាតិពេញចិត្តចំពោះការរៀបចំ ព្រមទាំងការងារពាក់ព័ន្ធនានាឱ្យដំណើរការដោយរលូន និងជោគជ័យ ដើម្បីឱ្យប្រតិភូកីឡាមកពីបណ្តាប្រទេសនានាបានកោតសរសើរ និងនិយាយរឿងល្អពីកម្ពុជា ក៏ដូចជាបានផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពផងដែរ។
ការប្រកួតកីឡាវាយសីកម្រិតជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវប្រកួតលើ៣ប្រភេទអាយុ ដូចជា៖ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ។ សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា រួមមាន៖ ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន៤ ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់៕




ដោយ ជាវ ចន្ធូ