ឯកឧត្តម ខូវ ឆាយ៖ ការប្រកួតគ្រុឌគុនខ្មែរមិត្តភាពកម្ពុជា-ចិនជាការចាប់ផ្តើម ក្រោយ MOU របស់សហព័ន្ធ និងEmei Legend
(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ការប្រកួតកីឡាប្រដាល់គ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន ដែលនឹងធ្វើឡើងចាប់ពីម៉ៅង៨យប់តទៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅសង្វៀនស្តាតចាស់ គឺជាការចាប់ផ្តើមដំណើរការប្រកួត ក្រោយពីសហព័ន្ធ និងស្ថាប័ន Emei Legend របស់ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមេសាកន្លងទៅ។

ការគូសបញ្ជាក់របស់ ឯកឧត្តម ខូវ ឆាយ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅស្តាតចាស់ ថ្ងៃទី០៥ ខែកក្កដានេះ ស្តីពីការប្រកួតកីឡាប្រដាល់ គ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន ដោយទទួលបានកិត្តិយសអញ្ជើញចូលរួមពីលោក MEI JIAXIANG ស្ថាបនិក ស្ថាប័ន EMEI Legend និងតំណាងក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី។

ប្រធានសហព័ន្ធបន្ថែមថា ការប្រកួតនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន EMEI Legend របស់ប្រទេសចិន បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នា កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ នៅប្រទេសចិន។ នេះជាការចាប់ផ្តើមការប្រកួត ស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា ដែលសហការរៀបចំការប្រកួតរួមគ្នាទាំងនៅទឹកដីកម្ពុជា និងការរៀបចំការប្រកួតនៅទឹកដីចិន ហើយនៅពេលខាងមុខ យើងនឹងបន្តរៀបចំការប្រកួតជាច្រើនបន្តបន្ទាប់ នៅឆ្នាំនេះ និងនៅឆ្នាំបន្តបន្ទាប់។

សម្រាប់ការរៀបចំការប្រកួតបន្ត គឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ យើងនឹងរៀបចំការប្រកួតនៅប្រទេសចិនវិញម្តង នៅទីក្រុងឆឹងទូ ខេត្តស៊ីឈាន់។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែឧបត្ថម្ភគាំទ្រដល់ការប្រកួតទាំងការប្រកួតក្នុងប្រទេស និងការប្រកួតនៅក្រៅប្រទេស។

ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា ប្រដាល់គុនខ្មែរ មិនត្រឹមតែជាប្រភេទកីឡាប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រភេទកីឡាព្រលឹងមរតកវប្បធម៌អត្តសញ្ញាណជាតិខ្មែរ ដែលបានបន្សល់ទុករាប់ពាន់ឆ្នាំពីដូនតាខ្មែរ ដោយបណ្តាប្រទេសនានាចង់ចូលរួមផ្សាព្វផ្សាយកីឡាប្រដាល់គុនខ្មែរយើង។ ក្រៅពីស្ថាប័ន EMEI Legend របស់ប្រទេសចិន ក៏សហព័ន្ធទទួលបានកិច្ចសហការជាមួយដៃគូជាច្រើនទៀត ក្នុងការរៀបចំការប្រកួតគុនខ្មែរ រួមទាំងការផ្សព្វផ្សាយលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានសហព័ន្ធបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរសូមចូលរួមទស្សនាលើកទឹកចិត្តដោយផ្ទាល់នូវការប្រកួតកីឡាប្រដាល់ គ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសម្ដេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ចាប់ពីម៉ោង ៨យប់តទៅ ព្រមទាំងមានការផ្សាយផ្ទាល់ផងដែរ។ ការប្រកួតនេះចំនួន៧គូ ដែលជាការជួបគ្នារវាងកីឡាករកម្ពុជា ៦នាក់ និងកីឡាករអ៊ូសបេគីស្ថានម្នាក់ ប៉ះ កីឡាករមកពីចិន ចំនួន ៧នាក់ដែរ ក្នុងប្រភេទទម្ងន់ចាប់ពី ៥៧គីឡូក្រាមដល់ ៧១,៥គីឡូក្រាម លើប្រភេទកីឡាគុនខ្មែរចំនួន៤គូ និងឃីកបុកស៊ីង៣គូ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
