សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ ~ ៧ កក្កដា ២០២៥ ។
គួររំលឹកថា ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ការដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា ។
១ឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញ បានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ ២០០៧។
បន្ទាប់ពីការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់រួចហើយនោះ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ការដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ៕
ដោយ ៖ វណ្ណលុក
