សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

(ភ្នំពេញ)៖ ជាមួយនឹងការប្រកាសអបអរសាទរ ខួបលើកទី១៧ នៃការដាក់​បញ្ចូល​ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ – ៧ កក្កដា ២០២៥ ) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានគូសរំលឹកថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរ​គ្រប់ៗរូប ។

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បាន​លើក​ឡើងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជា​សំពៅ​​នៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះ​បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេស​កម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះ​អង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបាន​សាង​សង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។

គួររំលឹកថា ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកា​ណាដា។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់​រាជ​រដ្ឋាភិ​បាលកម្ពុជា។

ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាព​ជាតិឱ្យ​បានគង់​វង្ស សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានផ្ញើ​លិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារ​ជាបេ​តិក​ភណ្ឌពិភពលោក។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ការដាក់ប្រសាទព្រះ​វិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា។

១ឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយ​រៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។ នៅ​ឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើ​របស់​កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញ បានមកឃើញស្ថានភាពប្រាសាទ​ក្នុងឆ្នាំ ២០០៧។

បន្ទាប់ពីការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់រួចហើយនោះ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មា​ធិ​ការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ការដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ​ពិភព​លោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទ​ព្រះ​វិហារ បន្ទាប់ពីទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner