ឯកឧត្តម ហ៊ុន ម៉ានី ៖ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជី​បេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈម​មុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា បន្ទាប់ពីប្រាសាទព្រះវិហារត្រូវ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាព តានតឹង និងប្រឈមមុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅ​តាមបន្ទាត់ព្រំដែន។ ការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបាននាំឱ្យមាន​ការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងបានបំផ្លាញ​ទាំង​ស្រុងនូវផ្សារឈ្មោះ “ផ្សារជើងប្រាសាទ” ឬ “ផ្សារមុខប្រាសាទ” ដែលមានទីតាំង​នៅជើងភ្នំព្រះវិហារដែលមានចំនួន ២៦២តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១គ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានឈរលើគោលការណ៍​ដោះ​ស្រាយដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិច​គ្នានាពេល​នោះ បានធូរស្រាលទៅវិញបន្ទាប់ពីកម្ពុជាបានស្នើរទៅកាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើងវិញនូវសាលក្រមនៃរឿងក្ដីប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី នៅលើបណ្តាញសង្គម​ហ្វេសបុក​ផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្របពេលដែលព្រះរាជាណាចក្រ​កម្ពុជា អបអរសាទរខួបជាប្រវត្តិសាស្ត្រទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទ​ព្រះ​វិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។

ក្នុងសំណេរលើបណ្តាញសង្គមដដែលបានបន្ថែមថា ប្រជាជនកម្ពុជាបានហែល​ឆ្លង​នូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាមក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។ ការប៉ះទង្គិចគ្នាចន្លោះឆ្នាំ២០០៨ ដល់ ២០១១ បានបង្កជាផល់ប៉ះពាល់ជាច្រើន​ដល់​ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម​បណ្ដោយ​ព្រំដែន ដូចជា ដោយការជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព និងអាក់​ខាន​នូវការប្រកបរបរទទួលទានប្រចាំថ្ងៃ ក៏ដូចជាប៉ះពាល់ដល់ការសិក្សារៀន​សូត្ររបស់​សិស្សានុសិស្សផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្មារតីរួមគ្នាជាធ្លុងមួយឧបត្ថមគាំទ្ររបស់ប្រជាពលរដ្ឋ​កម្ពុជា​ដែលជាសមរភូមិក្រោយបានក្លាយកម្លាំងគាំទ្រដល់កងទ័ពដែល​ឈរជើង​នៅ​ជួរមុខ។ ជាពិសេស ការគាំទ្រនេះបានក្លាយជាកម្លាំងរួមដ៏ខ្លាំងក្លាដែល​ខ្មាំងសត្រូវមិន​អាចយកឈ្នះបាន។ មិនថាការប៉ះទង្គិចគ្នាក្នុង​ឆ្នាំ២០០៨ ដល់ ២០១១ ឬភាពតាន​តឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ ប្រជាពលរដ្ឋដែល​ជាសមរភូមិ​ក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ ជាកម្លាំងជំរុញទឹកចិត្តនិង​ស្មារតីកងទ័ព​ដែល​ឈរ​ជើងនៅ​ខ្សែត្រៀមជួរមុខ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងជឿជាក់ និងគាំទ្រ​យ៉ាង​​ពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានត្រៀមខ្លួនរួចជាស្រេច និង​មាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាព​ជាតិ ក៏ដូច​ជា​សមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍នានាដោយបោះជំហានយ៉ាង​ស្វាហាប់​ប្រ​កប​ដោយភាពជឿជាក់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner