ស្ពានមិត្តភាពកម្ពុជា-ចិន ខេត្ត ក្រចេះ ត្រូវបានបើកពិធីចាក់បេតុងភ្ជាប់​តំណចុងក្រោយនៅថ្ងៃនេះហើយ

(ក្រចេះ)៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះត្រូវបានរៀបចំពិធីចាក់បេតុង​តំ​ណភ្ជាប់ដ៏សំខាន់ចុងក្រោយ ដែលជាសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន​សម្រាប់បម្រើលើវិស័យដឹកជញ្ជូននៅកម្ពុជា។

ពិធីរៀបចំចាក់បេតុងតភ្ជាប់មុខតំណបំពេញតួស្ពានតំណាក់កាលចុងក្រោនេះដែរ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រ​ធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅ ភូមិ បុសលាវ ឃុំបុសលាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅកម្ពុជា។

គួរបញ្ជាក់ថាការចំណាយសាងសង់ស្ពាននេះក្នុងថវិកាសរុបជាង ១១៤លានដុល្លារ អា​​មេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់​មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ស្ពានឆ្លងកាត់ទន្លេមេគង្គ​ខេត្តក្រចេះ​នេះ មា​នប្រវែង ១៧៦១ម៉ែត្រ ដោយ បានអនុវត្ដការសាងសង់ដោយក្រុមហ៊ុន​សំ​ណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា​បច្ចេក​ទេសក្វាងចូវវ៉ានអាន។ស្ពានេះដែរប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹង​បញ្ចប់នៅក្នុងឆ្នាំ២០២៦ខាងមុខ។

ដោយឡែកចំពោះ ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ ស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មាន គន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រ យានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ដោយឡែកផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន ៤គន្លង ដែល២ទៅ ២មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង ដោយ១ទៅ ១មកនិងមានសួន ពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង ៤ម៉ែត្រផងដែរ៕

ដោ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner