ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ៖ ការផ្តល់កម្លាំងចិត្តពីឪពុកម្ដាយ ជាការលើកទឹកចិត្តកូន ឱ្យខិតខំរៀនសូត្រ

(ព្រៃវែង)៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន​អគ្គ​នាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល​ដ្ឋាន​ស្រុកព្រះស្តេច បានចែករំលែកនូវគន្លឹះល្អៗមួយចំនួនដល់មាតាបិតា និងថា ការផ្តល់​កម្លាំងចិត្តដល់កូនៗ ជាការទឹកលើកចិត្តឱ្យកូនស្រឡាញ់ និងខិតខំប្រឹងប្រែងរៀន​សូត្រ ។

ឯកឧត្តម ហ៊ឺ បាវី មានប្រសាសន៍ទៀតថា ក្រៅពីការផ្តល់ការថែទាំសុខភាព និងផ្តល់​អាហារជាប្រចាំ, នៅពេលដល់ម៉ោងកូនទៅរៀន ឪពុកម្តាយ គួរដឹកដៃជូន​កូនដល់​របផ្ទះ និងនិយាយលើកទឹកចិត្ត ឱ្យកូនខិតខំរៀនសូត្រ ហើយនៅពេលកូនត្រឡប់​មកពីសាលាវិញ គួរទៅទទួលកូន ដែលនេះជាចំណុចមិនពិបាកធ្វើ ។ ប៉ុន្តែជាការ​ផ្តល់​កម្លាំងចិត្តដ៏សំខាន់មួយដល់កូនៗ ឱ្យមានទឹកចិត្តស្រឡាញ់ការរៀនសូត្រ និងជាការបណ្តុះមនោសញ្ចេតនាល្អ រវាងឪពុកម្តាយ និងកូនផងដែរ។

ឯក​ឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះស្តេច មានប្រ​សា​ស​ន៍​បែបនេះ ក្នុងពិធីបុណ្យវេរដីប្រគេនព្រះសង្ឃ ៨.០០០ម៉ែត្រការ៉េ ពិធីដាំ​កូន​ឈើ​ ៤.០០០ដើម ពិធីវេរទៀនព្រះវស្សា-ទេយ្យទានប្រគេនព្រះសង្ឃទាំង ៥១វត្ត ក្នុងស្រុកព្រះស្តេច និងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តពោធិ៍លាស់ ស្ថិតក្នុង​ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ហ៊ឺ បាវី បានលើកឡើងទៀតថា ពេលដល់ម៉ោងទៅរៀន ដើម្បីលើកទឹក​ចិត្តគាត់ ដឹកដៃគាត់ចេញពីរបងផ្ទះ និងនិយាយថា កូនទៅរៀន ចៅទៅរៀន, ត្រឡប់​មកវិញល្ងាចឡើង ទទួលកូន មានពិបាកអី។ ទម្លាប់បែបនេះ មនោសញ្ចេតនាម្តាយ និងកូន នឹងកាន់តែស្និទ្ធ ហើយកូននឹងដើរតាមគន្លងដែលគ្រូបានបង្រៀននៅសាលា និងដើរតាមគន្លងឪពុកម្តាយ ដែលបានណែនាំហើយ។ ប៉ុន្តែបើសិនជាទៅរៀន​ក៏ទៅៗ មិនទៅក៏ហីទៅ មកវិញក៏មកទៅ មានន័យថា កូនគ្មានអារម្មណ៍ដិតដាម​ក្នុងការរៀនសូត្រ ហើយគាត់នឹងមិនបានធ្វើអ្វីទាំងអស់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ឺ បាវី ក៏បានចែករំលែកបទពិសោធល្អៗ ពាក់ព័ន្ធ​នឹងការធ្វើស្រែ ពោល គឺការដាំដំណាំស្រូវ និងការចិញ្ចឹមសត្វ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកព្រះស្តេចផងដែរ ក្នុងន័យដើម្បីចូលរួមចំណែក លើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ និង​ចូលរួមកាត់បន្ថយភាពក្រីក្រ។

ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកព្រះស្តេច បានសម្តែងនូវអំណរគុណ និងសូមថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខគ្រប់បែបយ៉ាង ចំពោះប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ក្នុងស្រុកព្រះស្តេច និងបានថ្លែងអំណរគុណ​ចំពោះឯកឧត្តម ហ៊ឺ បាវី និងក្រុមការងារចុះមូលដ្ឋាន ដែលតែងតែជួយជ្រោមជ្រែង​ដល់ពួកគាត់ ធ្វើឱ្យពួកគាត់ទទួលបានសមិទ្ធផលនានាជាបន្តបន្ទាប់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner