ស្ពានមិត្តភាពកម្ពុជា-ចិន ខេត្តក្រចេះ សាងសង់បាន ៩៦ភាគរយគ្រោងដាក់​ឱ្យប្រើ​ប្រាស់​សាកល្បងមុនពិធីបុណ្យភ្នំបិណ្ឌខាងមុខ

(ក្រចេះ)៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះដែលជាស្ពានមិត្តភាពកម្ពុជា-ចិនពេលនេះបានសាងសង់ ៩៦ភាគរយ ដើម្បីត្រៀមបើកឱ្យឆ្លងកាត់​បណ្តោះ​អាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាង​មុខ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅ ភូមិ បុសលាវ ឃុំបុសលាវ ស្រុកចិត្រ​បុរី ខេត្តក្រចេះ។ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់​ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ ស្ពានមិត្ត​ភាព​កម្ពុជា-ចិន ទន្លេមេគង្គនាព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេ​មេ​គង្គ​នឹងបញ្ចប់ការសាងសង់មុនកាលកំណត់។ដោយតាមការគ្រោង​ទុកស្ពាននេះ​នឹង​សាងសង់បញ្ចប់ចំនួន៤២ខែ។ពេលនេះការសាងសង់លើស្ពានសុទ្ធ​សាធបាន ៩៦​ភាគ​រយ សម្រាប់ស្ពាននេះដែរមិនមែនតែស្ពានសុទ្ធសាធទេ​ពោលគឺយើង​មានផ្លូវ​សង​ខាងដោយខាងកើតមានផ្លូវ៧,៧គីឡូម៉ែត្រ និងលិច៧,៨គីឡូម៉ែត្រ ហើយស្ពាន​នេះ​មានប្រវែង១៧៦១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា​”បើយើងបូកសរុប​ទៅ​ទាំង​ស្ពាន និងខ្នែងផ្លូវ ៣១គីឡូម៉ែត្រ បើបូកសរុបទៅបាន៧០ភាគរយ ហើយស្ពាន​សុទ្ធសាធបាន៩៦ភាគរយ ។ចឹងយើងគ្រោងនឹងបើឱ្យប្រជាពលរដ្ឋយើង​ប្រើប្រាស់​បណ្តោះអាសន្ននៅពេលភ្ជុំបិណ្ឌខាងមុខ តែយើងឱ្យរថយន្តតូចៗឆ្លងកាត់ទេ”។

គួរបញ្ជាក់ថា ការចំណាយសាងសង់ស្ពាននេះក្នុងថវិកាសរុបជាង ១១៤លាន​ដុល្លារ​អា​មេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត​គ្រាប់​មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ស្ពានឆ្លងកាត់ទន្លេមេគង្គ​ខេត្ត​ក្រចេះ​នេះ បានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួត​ពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ស្ពានេះដែរ​ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់ទាំងស្រុង(ទាំងផ្លូវ និងស្ពាន)នៅក្នុងអំឡុងឆ្នាំ២០២៦ខាងមុខ។

សម្រាប់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋា​ភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” តាមរយៈលិខិត ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ស្ពាននេះ ត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១ ៧៦១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម៉ែត្រ x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម៉ែត្រ x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម៉ែត្រ x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម៉ែត្រ x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម៉ែត្រ x ១៥ម៉ែត្រ ផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner