ក្រុមកីឡាករបាល់ទាត់តំណាងឲ្យខេត្តរតនគិរី ត្រូវបានទទួលការលើកទឹកចិត្តពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្ត
រតនគិរី៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអនុញ្ញាតឱ្យក្រុមកីឡាករបាល់ទាត់តំណាងឱ្យខេត្តរតនគិរី ដែលចូលរួមប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលក្រុមកីឡាករ ត្រូវចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១/២ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ឧសភា ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូកីឡា រហូតទទួលបានជោគជ័យការប្រកួតកន្លងមក និងឈានដល់វគ្គ១/២ (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) ដែលនឹងប្រកួតខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុមកីឡាករបាល់ទាត់ទាំងអស់ខិតខំអភិវឌ្ឍន៍ទាំងសមត្ថភាព បច្ចេកទេស និងចែករំលែកអ្នកបន្តវេន និងសូមឱ្យបន្តនូវស្មារតីសាមគ្គីភាព ឯកភាព គោរពគោលការណ៍ការប្រកួត រក្សាបាននូវក្រមសីលធម៌ ដើម្បីទទួលជោគជ័យជូនក្លិប។
ចំពោះការប្រកួតនាថ្ងៃខាងមុខ ឯកឧត្តមអភិបាលខេត្តនឹងឆ្លៀតឱកាសដើម្បីបានចូលរួមទស្សនាផ្ទាល់ គាំទ្រក្រុមកីឡា។ នាឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកា៤លានរៀល សម្រាប់ដល់ក្លិប ដើម្បីរៀបចំដំណើរការ៕ធ.ដ
ដោយៈ គតិ យុត្ត