ប្រធានគណបក្សប្រជាជនខេត្តកំពតរំលឹកមន្ត្រីបក្សឱ្យគោរព ស្រឡាញ់និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់
កំពត៖ក្នុងពិធីផ្ទេរនិងចូលកាន់មុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកកំពង់ត្រាច និងស្រុក អង្គរជ័យកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សស្រុកកំពង់ត្រាចឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពត បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីគណបក្សប្រជាជនទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបានបន្តថា ក្នុងនាមជាមន្រ្តីគណបក្សមិនត្រូវទុកឱ្យពួកគាត់ជួបការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ គឺត្រូវប្រកាន់គោលការណ៍ ទីណាពលរដ្ឋមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា។ សមាជិក សមាជិកា ពិសេសមន្ត្រីគណបក្សនៅតាមមូលដ្ឋានទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ពិសេសត្រូវគោរព ស្រឡាញ់ ពលរដ្ឋដោយភាពស្មោះត្រង់ តាមគំរូវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ត្រូវបានចូលកាន់មុខតំណែងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកកំពង់ត្រាច ។ចំណែកលោក មួង នឿន អភិបាលស្រុកអង្គរជ័យក៏ត្រូវបានចូលកាន់មុខតំណែងជាប្រធានគណៈកម្មាធិការគណបក្សប្រជនស្រុកអង្គរជ័យ៕







ដោយ៖ សិលា សារិន