សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ប៉ុន្ដែអ្វីដែលសម្ដេចធ្វើ គឺដើម្បីការពារនូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថកម្ពុជាឡើយ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ក៏ប៉ុន្ដែអ្វីដែលសម្ដេចធ្វើ គឺដើម្បីការពារនូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថកម្ពុជាឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ប៉ាប៊ីត្រា ម៉ាហ្គីរីតា (Pabitra Margherita) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបង្ហាញក្ដីមោទនភាពដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាទឹកដីអច្ឆរិយ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។
ឯកឧត្តម បានចាត់ទុកសម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ហើយសង្ឃឹមថា ការរីកចម្រើននេះ នឹងបន្តទៅមុខទៀត ជាពិសេស ចំពោះការដើរតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការជួយសម្របសម្រួលឱ្យឥណ្ឌា ក្នុងការចូលរួមជាដៃគូសន្ទនាជាមួយអាស៊ាន កាលពីឆ្នាំ២០០២ ពោល គឺកាលពីកម្ពុជា នៅជាប្រធានអាស៊ាន ដោយសម្ដេចតេជោ បានសម្របសម្រួលជួយឱ្យឥណ្ឌា បានក្លាយជាដៃគូសន្ទនារបស់អាស៊ាន ចាប់តាំងពីពេលនោះមក ។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកសាវតាមួយចំនួនដោយបានរំលេចអំពីការនាំឱ្យឥណ្ឌា ក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ជាពិសេស ការណ៍ដែលសម្ដេចបានជជែកជាមួយមេដឹកនាំអាស៊ានទាំងឡាយ ដើម្បីឱ្យឥណ្ឌាអាចចូលជាដៃគូសន្ទនាចាប់តាំងពីឆ្នាំ២០០២មក ។
នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា សម្ដេចតេជោ ក៏បានអរគុណឥណ្ឌា ដែលបានជួយជួសជុលប្រាង្គប្រាសាទកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៨ មកម្លេះ ទោះបីនាអំឡុងពេលនោះ កម្ពុជា ឋិតនៅក្រោមការហ៊ុព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយជាដើម ក៏ប៉ុន្ដែឥណ្ឌា នៅតែជួយគាំទ្រដល់ការជួសជុលប្រាសាទរបស់កម្ពុជា ចាប់តាំងពីពេលនោះមក ជាពិសេសថែមទៀត ក្នុងអំឡុងពេលនោះដែរ កម្ពុជា កំពុងតែជួបប្រទះបញ្ហាខ្វះខាតស្បៀង ឥណ្ឌាបានជួយស្បៀងដល់កម្ពុជាយ៉ាងច្រើន ដែលនេះបង្ហាញពីទំនាក់ទំនងល្អ និងសកម្មភាពមនុស្សធម៌របស់ឥណ្ឌាចំពោះកម្ពុជា ។
សម្ដេចតេជោ បន្តថា ប្រទេសទាំងពីរមានទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលបច្ចុប្បន្ន ក៏ប៉ុន្ដែសម្ដេចតេជោ បន្តជំរុញឱ្យភាគីទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកំពុងមានសក្ដានុពល ឱ្យស្របទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានជាមួយគ្នា ។ នៅពេលដែលប្រទេសទាំងពីរ មានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកាន់តែរីកចម្រើន នោះការរុញច្រើនទំនាក់ទំនងលើផ្នែកនយោបាយ ក៏កាន់តែរីកចម្រើនផងដែរ ។
ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន សម្ដេចតេជោ បានបញ្ជាក់អំពីសាវតានៃជម្លោះ គឺកើតឡើងដោយសារយោធាថៃលបបាញ់ប្រហារសម្លាប់យោធិនកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការគូផែនទីជាឯកតោភាគីរបស់ភាគីថៃ ការបិទព្រំដែនជាឯកតោភាគី និងថៃ បន្តបង្វែបញ្ហាផ្ទៃក្នុងរបស់ខ្លួន មកកាន់ព្រំដែនកម្ពុជា ដែលនេះ ជាទម្លាប់របស់ថៃ និងជាបញ្ហាដែលកម្ពុជា មិនអាចទទួលយកបានឡើយ ។
សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាថា កម្ពុជា មិនចង់ឃើញបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការការចរចាដោយសន្ដិវិធី ជាពិសេស ការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ ពោល គឺយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ថា សម្ដេចតេជោ គឺជាមេដឹកនាំដ៏កម្រនៅលើពិភពលោក និងជាមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ។ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានកោតសរសើរចំពោះសម្ដេចតេជោ ដែលមានចក្ខុវិស័យវែងឆ្ងាយ លើការដោះស្រាយបញ្ហានេះតាមយន្តការច្បាប់អន្តរជាតិ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ