សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ បេសកកម្មការទូតរបស់សាធារណរដ្ឋឆែក ពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ
(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែកបានផ្តល់ជំនួយគាំទ្រយ៉ាងច្រើនដល់កម្ពុជា ចាប់តាំងពីពេលដែលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ ។ ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានជួយដល់កម្ពុជា ក្នុងពេលវេលាដ៏លំបាកបំផុត។ សាធារណរដ្ឋឆែកជាមិត្តល្អព្រោះ “មិត្តល្អ តែងជួយគ្នាក្នុងគ្រាក្រ ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ដូចនេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងឱកាសទទួលជួប សម្តែងការគួរសម និងជម្រាបលា ជាមួយ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតឆែកមុនៗ បានសម្រេចនៅក្នុងបេសកកម្មការទូតរបស់ខ្លួន ថាពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ចំណងទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra)បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែកនឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ នៅក្នុងនោះឆែកនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមមានជំនឿមុតមាំថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ខាងមុខជាមិនខានឡើយ។

ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា និងសម្តេចប្រធានរដ្ឋសភា បានយល់ស្របដូចគ្នាពីសារៈសំខាន់នៅក្នុងការលើកកម្ពស់ វប្បធម៌សន្ទនា គោលការណ៍ពហុនិយម នៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញដែលមានលក្ខណៈផុយស្រួយប្រែប្រួលឆាប់រហ័ស និងបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក ដែលបានបង្វែរបំណុលពីអតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរលើវិស័យសង្គមកិច្ច សុខភាព អប់រំ ជាដើម។ កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុងការលុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍ ដែលនេះចាត់ទុកជាមូលដ្ឋាន ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។ ការគាំទ្ររបស់ប្រទេសឆែក បានឆ្លើយតបនូវ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតអាទិភាពលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតឆែក មានសុទិដ្ឋិនិយមថា កម្ពុជានិងឆែកនឹងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នា ជាពិសេសការបង្កើនតុល្យភាពពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
