UN ព្រមានឲ្យក្រុមហ៊ុនអន្តរជាតិឈប់រកស៊ីនៅអ៊ីស្រាអែល បើមិនចង់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សា

បរទេស ៖ លោកស្រី Francesca Albanese មន្ត្រីជំនាញ តំណាងឲ្យអង្គការសហប្រជាជាតិ ហៅកាត់ UN បានអំពាវនាវឲ្យក្រុមហ៊ុនអន្តរជាតិនានា បញ្ឈប់ការធ្វើអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែល បើមិនចង់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ហ្គាហ្សា និង តំបន់ West Bank នេះបើតាមចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នាពេលថ្មីៗនេះ។

លោកស្រី ដែលក៏ជាមេធាវីអន្តរជាតិ មកពីប្រទេសអ៊ីតាលី រូបនេះ បង្ហាញរបាយការណ៍ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដោយបានពិពណ៌នាថា ការរកស៊ីរបស់ក្រុមហ៊ុនចម្រុះជាតិសាសន៍ ទាំងនោះ គឺជា«សេដ្ឋកិច្ច នៃអំពើប្រល័យពូជសាសន៍» ដោយលោកស្រីចោទប្រកាន់អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដ៏ឃោរឃៅបំផុតមួយ ក្នុងប្រវត្តិសាស្ត្រទំនើប។ របាយការណ៍អះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មទទួលបានប្រាក់ចំណេញទាំងនោះ បាននិងកំពុងជួយអ៊ីស្រាអែលឱ្យបន្តសង្រ្គាម នៅហ្គាហ្សា ដូចនេះ ក្រុមហ៊ុនទាំងអស់ ត្រូវតែបញ្ឈប់ការធ្វើអាជីកម្ម ជាមួយអ៊ីស្រាអែល ជាបន្ទាន់។

លោកស្រី Albanese បានរៀបរាប់ចំៗ អំពីឈ្មោះក្រុមហ៊ុនទាំងនោះ រួមមានទាំង ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin, ក្រុមហ៊ុនបច្ចេកវិទ្យា Alphabet, IBM, Microsoft និង Amazon ដែលអនុញ្ញាតឱ្យអ៊ីស្រាអែលតាមដាន និងកំណត់គោលដៅ តាមរកជនជាតិប៉ាឡេស្ទីន។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនរថយន្ត Caterpillar, Hyundai, និង Volvo ដោយលោកស្រីអះអាងថា បានផ្គត់ផ្គង់យានជំនិះ ដែលប្រើប្រាស់ សម្រាប់វាយកម្ទេចផ្ទះ និង ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែក នៅក្នុងសហគមន៍។ ស្ថាប័នហិរញ្ញវត្ថុ ក៏ត្រូវបានរួមបញ្ចូល ផងដែរ រួមមាន ធនាគារ BNP Paribas និង Barclays ជាដើម បាននិងកំពុងទទួលការធានា ទិញមូលបត្របំណុល របស់អ៊ីស្រាអែល ពេញមួយជម្លោះ។

ជុំវិញការចោទប្រកាន់នេះ ត្រូវបានអ៊ីស្រាអែល ប្រកាសច្រានចោល ដោយអះអាងថា របាយការណ៍នេះ “គ្មានមូលដ្ឋាន” ហើយជឿជាក់ថា នឹង “ចូលរួមជាមួយធុងសំរាម នៃប្រវត្តិសាស្ត្រ” ។

រីឯ ក្រុមហ៊ុន Lockheed Martin វិញ បាននិយាយថា ការលក់អាវុធយោធា នៅបរទេស គឺជាប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ហើយការពិភាក្សាត្រូវបានសម្របសម្រួល យ៉ាងល្អបំផុត ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Volvo វិញ បាននិយាយថា ការរិះគន់ របស់លោកស្រី Albanese គឺ ផ្អែកលើ “ព័ត៌មានមិនគ្រប់គ្រាន់ និង មិនត្រឹមត្រូវ” ដោយអះអាងថា ក្រុមហ៊ុនតែបានប្តេជ្ញាចិត្ត ក្នុងការគោរពសិទ្ធិមនុស្ស និងធ្វើការឥតឈប់ឈរ ដើម្បីពង្រឹងការឧស្សាហ៍ របស់ខ្លួន៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner