កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម អនុរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសមនិងបានបង្ហាញអំពីក្តីសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

ឯកឧត្តម អនុរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង ឥណ្ឌា-កម្ពុជា និងបានបង្ហាញអំពីការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។

ការឆ្លើយតប, សម្តេចបវរធិបតី បានស្វាគមន៍ ឯកឧត្តម អនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

សម្តេចបវរធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យជាច្រើន នាពេលកន្លងមក។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើន ទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋឥណ្ឌា។

សម្តេចបវរធិបតី និងឯកឧត្តម អនុរដ្ឋមន្រ្តី ក៏បានពិភាក្សា និងឯកភាពគ្នានៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, ហិរញ្ញវត្ថុ, សន្តិសុខ និងការពារជាតិ, វប្បធម៌, អប់រំ, សុខាភិបាល, ទេសចរណ៍, ការតភ្ជាប់វិស័យអាកាសចរណ៍, និងវាយនភណ្ឌ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner