សម្ដេចនាយករដ្ឋមន្ត្រី អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់​ប្រាសាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​​កម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់​ប្រា​សាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥) ។

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បាន​សរសេរថា តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍​ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។

សម្ដេចនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ច​របស់កូនខ្មែរគ្រប់ៗរូប” ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner