ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ៖ កម្ពុជាមានលក្ខខណ្ឌ​ការងារ​ល្អជាង និងអត្ថប្រយោជន៍ ច្រើនជាងថៃ

(ព្រៃវែង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០២៥ បានពន្យល់​ដល់ប្រជាពលរដ្ឋ ជាពិសេសបង​ប្អូន​ពលករ​ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យ​ចុះ​ឈ្មោះ​ធ្វើការងារ​នៅ រោង ចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍​សម្បូរ​បែបជាងនៅប្រទេសថៃ។

ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថ្លែង ទៅកាន់ប្រជាពលរដ្ឋ និងពលករ​ដែល​ទើបមកពីប្រទេសថៃ​ប្រមាណ ១០០០នា​ក់​ក្នុង «វេទិកា​ការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែល​មានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។

ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោង​ចក្រ​សហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធន​ជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រង​គ្រោះថ្នាក់ការងារ និង​ការយកចិត្តទុក​ដាក់ដែលពលករ​មិន​ដែលទទួល​បាននៅអំឡុងពេលធ្វើការ​នៅ​ប្រទេសថៃ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖«ចំណូលយើង បើបូកចូលគ្នាទាំង​ប្រាក់ខែគោល បូកទាំងប្រាក់​ឧបត្ថម្ភនានា​ទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារ​នោះទេ ហើយ​បើថែមម៉ោងទៀត អាចឡើង​ដល់​ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាច​មានបងប្អូនខ្លះថា នៅទាប​ជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបង​ប្អូន ៣០ ឬ៥០ដុល្លារ​នៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋ​ចេញ​​លុយ ពេលបងប្អូនចាស់ទៅ រដ្ឋយក​លុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។ ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបង​ប្អូនចាស់ទៅ គឺមិនមានលុយសង​ត្រឡប់មកឱ្យបង​ប្អូនយើងវិញទេ ព្រោះយើង​គ្មានប្រាក់​សន្សំ​នៅទីនោះ…ជាពិសេស បងប្អូនស្រី្ត​ដែល​សម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​ផងដែរ។ អ៊ីចឹងផលប្រយោជន៍ទាំងអស់នេះ អាចធ្វើឱ្យបង​ប្អូន​គិតពិចារណា​ក្នុងការងាកមក​ធ្វើការងារនៅ​ក្នុង​ស្រុកយើងវិញ»។

ជាមួយនឹងប្រាក់ឈ្នួលខុសគ្នាបន្តិចបន្តួចរវាងការធ្វើការនៅកម្ពុជា និងថៃ ឯកឧត្តម​រដ្ឋ​មន្ត្រីបានអំពាវ​នាវសារជា​ថ្មីម្តងទៀត​​ទៅដល់ពលករ​ដែលបានវិលត្រឡប់​មកពី​ប្រទេសថៃ និងអ្នកដែលមានគោល​បំណងវិលមកកាន់កម្ពុជា ឱ្យជ្រើសរើស​ការងារ​នៅ​កម្ពុជាវិញ ព្រោះជាការកាត់​ចំណាយ សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា ដើម្បីធានាថា ពលករខ្មែរដែលត្រឡប់មក​ពីប្រទេសថៃវិញ​មានការ​ងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់​រាជរដ្ឋាភិបាល បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងារ​រាប់ម៉ឺនកន្លែង ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner