សម្ដេចធិបតី ៖ ទោះមានសម្ភារៈទំនើបនៅក្នុងសាលារៀនក៏ដោយ តែគុណភាពអប់រំ​ដែលសំខាន់ គឺគ្រូបង្រៀន

(កំពង់ស្ពឺ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គុណភាពអប់រំ ដែល​សំខាន់ គឺគ្រូបង្រៀន ទោះបីជាយើងមានសម្ភារៈគ្រប់គ្រាន់ នៅក្នុងសាលា​រៀនក៏​ដោយ ប៉ុន្ដែបើមានកង្វះខាត នូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំ ដល់​សិស្សបានដែរ ដូច្នេះ រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ និងអាណត្តិនេះ បាន​បន្តវិនិយោគ លើការបណ្ដុះបណ្ដាល គុណវុឌ្ឍិគ្រូបង្រៀននេះឯង ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផល​នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

សម្ដេចធិបតី បានថ្លែងដូច្នេះថា គុណភាពអប់រំដែលសំខាន់ គឺពាក់ព័ន្ធជាមួយគ្រូ យើងមានឧបកណ៍ យើងមានមេរៀនល្អ យើងមានកុំទ្យូទ័រ យើងមានភ្លើងក៏ដោយ បើសិនជាយើង អត់មានគ្រូគ្រប់គ្រាន់ ឬមួយគ្រូដែលគុណភាព យើងពិបាក ព្រោះសិស្សអត់ចេះទេ ហើយសិស្សទៅរៀន គឺពឹងលើគ្រូទាំងមូលហើយ ។

សម្តេចបន្ដថា ដូច្នេះ សមត្ថភាពរបស់គ្រូ នៅក្នុងការបង្រៀន នូវភាពច្បាស់​លាស់​របស់គ្រូ គឺជាការចាំបាច់ ដែលរាជរដ្ឋាភិបាល បានអនុវត្ត និងខិតខំយកចិត្តទុកដាក់ ក្នុងការពង្រឹង គុណវុឌ្ឍិរបស់គ្រូបង្រៀន ។

ទន្ទឹមនឹង សម្ដេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា គោលដៅ របស់រាជរដ្ឋាភិបាល គឺចង់ឱ្យគ្រប់សាលារៀនទាំងអស់ មានបំពាក់ឧបករណ៍សិក្សារៀន សូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្ន សាលារៀនភាគច្រើន គឺមានបំពាក់សម្ភារសិក្សាទំនើប និងមានការច្នៃប្រឌិតផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner