ក្រុមហ៊ុន Boeing អះអាងថា បញ្ហាលើយន្តហោះប្រភេទ 737 MAX ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរហើយ
សហរដ្ឋអាម៉េរិក៖ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបញ្ជាការហោះហើរ MCAS ឬ anti-stall system សម្រាប់ត្រកូលយន្តហោះ 737 MAX បានបញ្ចប់ទៅជាស្ថាពរហើយនេះបើតាមការប្រកាសរបស់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។
បន្ទាប់មកទៀត ក្រុមហ៊ុន Boeing នឹងត្រូវធ្វើការជាមួយអាជ្ញាធរសហព័ន្ធអាកាសចរណ៍ FAA របស់សហរដ្ឋអាម៉េរិក ដើម្បីពិនិត្យ និងវាយតម្លៃការហោះហើររបស់យន្តហោះ 737 MAX ជាមួយប្រព័ន្ធ MCAS ដែលត្រូវបានអាប់ដេតថ្មីក្រោមក្តីសង្ឃឹមថា យន្តហោះប្រភេទនេះ នឹងអាចទទួលបានការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឡើងវិញ ហើយគ្រប់គ្នានឹងលែងមានការសង្ស័យ ឬព្រួយបារម្ភតទៅទៀត។
គួរបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍អាម៉េរិក FAA បានមើលរំលងនូវហានីភ័យផ្នែកសុវត្ថិភាពដ៏សំខាន់ នៃប្រព័ន្ធបញ្ជាការហោះហើររបស់យន្តហោះប្រភេទថ្មីចុងក្រោយ Boeing 737 MAX ដែលត្រូវក្រុមអ្នកស៊ើបអង្កេតអះអាងថា ជាមូលហេតុចម្បងនៅពីក្រោយករណីធ្លាក់យន្តហោះនៅឯប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងនៅប្រទេសអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩៕ម.ន