ចិនចេញមុខអះអាងពីការចាប់ខ្លួនជនជាតិកាណាដាពីរនាក់ ពីបទលួចការសម្ងាត់របស់រដ្ឋ
ចិន៖ ក្រសួងការបរទេសចិនបានលើកឡើងថា ពលរដ្ឋកាណាដាពីរនាក់ដែល ជាប់ឃុំឃាំងចាប់តាំងពីចុងឆ្នាំមុននេះ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទលួចការសម្ងាត់រដ្ឋ ដែលជាវិធានការនេះ ត្រូវគេរំពឹងថា នឹងនាំឱ្យភាពតានតឹងខ្លាំងឡើងរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង បានប្រកាសអំពីចាប់ខ្លួន លោក Michael Kovrig និងលោក Michael Spavor កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ នៅក្នុងសន្និសីទសារព័ត៌មានជាធម្មតាមួយនៅក្នុងទីក្រុងប៉េកាំង។ នាឱកាសនោះ លោក លូ កាង បាននិយាយថា ការចាប់ខ្លួនពលរដ្ឋកាណាដាទាំងពីរនាក់នេះ បានធ្វើឡើងតាមច្បាប់នៃប្រទេសចិន លោកថា ប្រទេសចិនសង្ឃឹមថា រដ្ឋាភិបាលកាណាដានឹងមិនធ្វើសេចក្តីថ្លែងការណ៍គ្មានការទទួលខុសត្រូវ អំពីប្រព័ន្ធតុលាការនៃប្រទេសចិនទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយតែប៉ុន្មានម៉ោង ក្រោយសេចក្តីប្រកាសនេះរបស់រដ្ឋាភិបាលក្រុងប៉េកាំងខាងលើនេះ ក្រសួងការបរទេសកាណាដាបានបញ្ជាក់ថា រដ្ឋាភិបាលក្រុង អូតតាវ៉ា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនបុរសពីរនាក់នេះ ហើយទាមទារឱ្យមានការដោះលែងពួកគេជាបន្ទាន់៕ម.ន