ឯកឧត្តម សួន សុម៉ាលីន ណែនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹកឲ្យបានគង់វង្ស

អត្ថបទដោយ៖
នុត នាង

(ព្រៃវែង)៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ត្រូវបន្តពង្រឹងការ​អភិរក្ស​ធនធានជលផល ព្រៃលិចទឹក ជាពិសេសការអភិរក្សត្រី មេពូជ ទន្លេមេគង្គ​និងវារីសត្វកំពុងរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្ត លែងកូនត្រី ត្រីមេពូជ និងវារីសត្វឱ្យ កាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំបែបនេះ ក្នុងឱកាស​អញ្ជើញ​ចូលរួមប្រលែងកូនត្រីមេពូជ និងវារីសត្វ ៣ប្រភេទប្រមាណ ២ម៉ឺនក្បាល នៅបឹងស្នេហ៍ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងពិធីអបអរសាទរ «ទិវាមច្ឆជាតិ» លែងកូនត្រីពូជ ១ កក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹក​នាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ តំបន់គ្រប់គ្រង ជលផល កន្លែងអភិរក្សជលផល ដីព្រៃលិចទឹក ដើម្បីទប់ស្កាត់ចលនាទន្ទ្រាន កាន់កាប់ដីរដ្ឋ ជាពិសេស នៅតំបន់ជុំវិញ​បឹងស្នេហ៍ និងកន្លែងដទៃទៀត ដែលជាកន្លែងជម្រកត្រីពងកូន លូតលាស់ ធំធាត់ និង ស្វែងរកចំណី។

ត្រីគឺជាប្រភពអាហារដ៏ចម្បងជាលក្ខណៈប្រពៃណីតាំងពីដូនតា នៅក្នុងជីវភាពប្រចាំ​ថ្ងៃ​របស់ប្រជាជន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារធនធានជលផល ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ ក្រោយៗទៀត។ ជាមួយគ្នានេះ​តម្រូវ​ឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងចលនាលុបបំបាត់បទ ល្មើសនេសាទ ថែរក្សា អភិរក្ស និងលែងត្រីមេពូជ និងប្រភេទវារីសត្វកំពុង​រងគ្រោះ​ថ្នាក់​ទៅក្នុងធម្មជាតិវិញ ដែល សុទ្ធតែជាសកម្មភាពមានតម្លៃធំធេងគួរឱ្យ​កោត​សរសើរ​បំផុត។

បើតាម លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍នេសាទបឹងស្នេហ៍ នេះមានទំហំ និងជម្រៅ​សមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹក ដ៏សំខាន់​សម្រាប់ការធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់នូវប្រភព​ស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ជាពិសេស សហគមន៍​នេសាទទាំង៤ និងប្រជាពលរដ្ឋនៃស្រុកបាភ្នំ ស្វាយអន្ទរ ក្រុងព្រៃវែង និងស្រុក​ពាមរក៍ រាប់ម៉ឺននាក់ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារ​មូលដ្ឋានប្រចាំថ្ងៃ។ បឹងនេះមានផ្ទៃទំហំ ២ ២២៧ ហិតា នៅរដូវប្រាំង និងពង្រីក​ដល់ជាង ៣ ៥៥៧ ហិតា នៅរដូវវស្សា ដោយទទួលរបបទឹកពីទន្លេតូច តាមព្រែក​រាំង ព្រែកមេបុណ្យ ប្រឡាយនាំទឹកបារាយណ៍ និងប្រព័ន្ធទន្លេវ៉ៃកូ៕

នុត នាង

ads banner