សៀមរាប បើកយុទ្ធនាការបង្ការជំងឺគ្រុនឈាម ក្រោយករណីកើនឡើងជាង ១,៥០០ ក្នុងពាក់កណ្តាលឆ្នាំ
(សៀមរាប)៖ អាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្តសៀមរាប បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែត និងផ្សព្វផ្សាយអំពីការការពារជំងឺគ្រុនឈាម ជាមួយនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ។
យោងតាមមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ ២០២៥ ខេត្តសៀមរាបមានករណីជំងឺគ្រុនឈាមសរុបចំនួន ១,៥៦០ករណី បណ្តាលឲ្យកើនឡើងជាង ២០០ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ក្នុងចំណោមនេះ មានជាង ៦០០ ករណីជាជនជាតិខេត្តសៀមរាប ខណៈអ្នកជម្ងឺនៅសល់មកពីបណ្ដាខេត្តជិតខាង មកទទួលសេវាព្យាបាលនៅទីនេះ។ ទោះបីជាករណីកើនឡើង ក៏មន្ត្រីជំនាញថា ពុំទាន់ស្ថិតក្នុងកម្រិតគួរឱ្យភ័យខ្លាចនៅឡើយ។ ជាជំហានវិជ្ជាជីវៈ ប្រព័ន្ធសុខាភិបាលក៏បានបង្ហាញពីសមត្ថភាពក្នុងការរកឃើញ និងរាយការណ៍ជម្ងឺបានទាន់ពេល សម្របសម្រួលសម្រាប់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព។
ស្ថិតិបង្ហាញថា ក្នុងរយៈពេលដូចគ្នានេះ នៅឆ្នាំ២០២៣ មានជិត ២,០០០ ករណី នៅឆ្នាំ២០២៤ មានជិត ១,៣០០ ករណី ខណៈឆ្នាំ២០២៥ កើនឡើងដល់ ១,៥៦០ករណី។ បើគិតសរុបរយៈពេលមួយឆ្នាំពេញ នៅឆ្នាំ២០២៣ មានចំនួនជាង ១០,០០០ ករណី ខណៈនៅឆ្នាំ២០២៤ បានធ្លាក់ចុះមកត្រឹមជាង ៣,៦០០ ករណីប៉ុណ្ណោះ។
ការថយចុះនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងសកម្មភាពគ្រប់គ្រងជំងឺគ្រុនឈាមយ៉ាងមានប្រសិទ្ធភាព។ រដ្ឋបាលខេត្តសៀមរាប និងមន្ត្រីសុខាភិបាលក៏បានបន្តធ្វើយុទ្ធនាការ និងចុះផ្សព្វផ្សាយនៅតាមសហគមន៍ ដោយផ្តោតលើភូមិដែលមានហានិភ័យខ្ពស់។
មន្ត្រីជំនាញក៏បានចុះទៅដាក់ថ្នាំអាប៊ែតតាមតំបន់សំខាន់ៗ និងអំពាវនាវឲ្យប្រជាពលរដ្ឋបន្តសហការជាដៃគូ ដោយបំបាត់ទីជម្រកសត្វមូសខ្លា សម្អាតបរិវេណគេហដ្ឋាន សហគមន៍ និងសាលារៀន ដើម្បីចូលរួមបង្ការនិងកាត់បន្ថយការរីករាលដាលនៃជម្ងឺគ្រុនឈាមក្នុងសហគមន៍ ៕





ដោយ ៖ ប៊ុនរដ្ឋា