អ្នកនាំពាក្យហៅការផ្សាយភ្ជាប់សម្តេច ហ៊ុន សែន ជាមួយដីកាចាប់ខ្លួន កុក អាន ជាល្បិចព្រោះឈាមរបស់ថៃ
(ភ្នំពេញ)៖ ប្រាប់អ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិក នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រតិកម្មធ្ងន់ៗ ទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ថៃ ដែលបានចុះផ្សាយ ព្យាយាមភ្ជាប់សម្តេចតេជោ ហ៊ុន សែន ជាមួយដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន ក្នុងប្រទេសថៃ ។
អ្នកនាំពាក្យរូបនេះ ចាត់ទុកនេះជាល្បិចព្រួសឈាមរបស់ថៃ ដែលពិភពលោកបានដឹងលឺជាច្រើនឆ្នាំមក ។ អ្នកនាំពាក្យ ថា ថៃ កំពុងតែប្រើកលល្បិចដ៏ថោកទាប ដើម្បីព្រួសឈាមមកលើកម្ពុជា ជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋអនឡាញ ។
ការលើកឡើងរបស់ ឯកឧត្តម ជា ធីរិទ្ធនេះ បន្ទាប់ពីមានសារព័ត៌មានរបស់ថៃជាច្រើនស្ថាប័ន បានផ្សព្វផ្សាយថា ក្រុមប៉ូលិសថៃ លបឆ្មក់ចូលឆែកឆេរទីតាំង ១៩កន្លែង ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន ជាមនុស្សជំនិតរបស់សម្តេចតេជោ ដែលមានទីតាំងនៅជិត ព្រំដែនកម្ពុជា-ថៃ ដោយរឹបអូសរថយន្តប្រណីតៗ ជាច្រើនគ្រឿង គិតជាថវិកាប្រមាណជា ២៧លានបាត ៕



ដោយ ៖ វណ្ណលុក