អតីតទីប្រឹក្សា ធៀបការដឹកនាំរបស់លោក Trump ខ្លាំងដូចប្រធានាធិបតីទី១
បរទេស៖ លោក Steve Bannon អតីតទីប្រឹក្សារបស់លោក Trump បានប្រៀបធៀបសមត្ថភាពដឹកនាំរបស់ប្រធានាធិបតីអាមេរិក រូបនេះ ថា ខ្លាំងដូចអតីតប្រធានាធិបតីទី១ របស់សហរដ្ឋអាមេរិក គឺ លោក George Washington នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី៧ ខែកក្កដា។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត Financial Times លោក Steve Bannon បានលើកឡើងថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងផ្លាស់ប្តូរសហរដ្ឋអាមេរិក ហើយ នឹងនៅតែជាកម្លាំងលេចធ្លោ លើសពីអាណត្តិ ទីពីរ របស់លោក។ លោក Bannon បានពណ៌នាថា លោក Trump ជាមេដឹកនាំផ្លាស់ប្តូរ ទីបី ក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពី លោក អតីតប្រធានាធិបតី George Washington ដែលជាអ្នកបង្កើតសាធារណរដ្ឋ និង អតីតប្រធានាធិបតី Abraham Lincoln ដែលបានបន្តរក្សា របបនេះ។
លោក Bannon បានព្យាករណ៍ថា លោក Trump នឹងបន្តឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដី បើនៅតែឈរឈ្មោះ សម្រាប់អាណត្តិទីបី ក្នុងឆ្នាំ២០២៨ ដោយលោកបានទទូចថា លោក Trump គឺជាមេដឹកនាំ “ប្រវត្តិសាស្ត្រពិភពលោក” ហើយអះអាងថា លោក Trump ផ្តល់កំណើតឡើងវិញ ឲ្យអាមេរិកទៀតផង។
ប៉ុន្តែ អតីត ប្រធានក្រុមយុទ្ធសាស្រ្តរបស់ប្រធានាធិបតី Trump អំឡុងអាណត្តិដំបូង រូបនេះ មិនបានពន្យល់ពីភាពស្របច្បាប់នោះទេ ខណៈដែលរដ្ឋធម្មនុញ្ញ កំណត់ប្រធានាធិបតី ត្រឹម២អាណត្តិ។ ការកត់សម្គាល់របស់លោក ទៅកាន់កាសែត Financial Times បានកើតមានឡើង ចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើង អំពីចេតនា របស់លោក Trump សម្រាប់ការធ្វើជាប្រធានាធិបតីអាមេរិក អាណត្តទី៣។
ជាការកត់សម្គាល់ បើទោះបីជាឈប់ធ្វើជាទីប្រឹក្សាក៏ដោយ លោក Bannon នៅតែបន្តព្យាយាម ទទួលកេរ្តិ៍ដំណែលនយោបាយ ពីលោក Trump តាមរយៈកម្មវិធី podcast និងការបង្ហាញខ្លួន ជាសាធារណៈ នានា ជាដើម។
បើទោះបីជាទទួលបានការសរសើរកប់ៗមាត់ក៏ដោយ រដ្ឋបាលរបស់លោក Trump នៅតែបន្តប្រឈមមុខនឹងការរិះគន់ និង ការប៉ុនប៉ងចោទប្រកាន់ ម្តងហើយម្តងទៀត ពីសមាជិកសភា គណបក្សប្រជាធិបតេយ្យ។ កាលពីខែមុន បទបញ្ជានិរទេសដ៏ធំ របស់លោក Trump បានបង្កឱ្យមានភាពចលាចល នៅក្នុងទីក្រុង ជាច្រើន រួមទាំង នៅទីក្រុង Los Angeles ជាកន្លែងដែលកងឆ្មាំជាតិ និងកងម៉ារីន ត្រូវបានដាក់ពង្រាយ បង្ក្រាបបាតុកម្ម។ រដ្ឋបាល រដ្ឋកាលីហ្វ័រញ៉ា បានជំទាស់ការឆ្លើយតបរបស់យោធា ដោយហៅថា មិនស្របតាមរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានេះ ចំពេលមានភាពចលាចលនយោបាយ ការស្ទង់មតិ របស់ក្រុមហ៊ុនវិភាគទិន្នន័យអន្តរជាតិ YouGov ថ្មីៗនេះ បានរកឃើញថា ៤០%នៃជនជាតិអាមេរិកជឿថា សង្រ្គាមស៊ីវិល គឺទំនងជាមាន នៅក្នុងទសវត្សរ៍ក្រោយ។ ការស្ទង់មតិនេះ ក៏បានបង្ហាញពីការបែកបាក់គ្នា រវាងបក្សពួក និងពូជសាសន៍ យ៉ាងមុតស្រួច ដោយសារតែជម្លោះកាន់ធំ ដែលនឹងអាចកើតមានឡើង៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត
