បុព្វជិតកំពូលអ៊ីរ៉ង់បំផុសឲ្យប្រហារជីវិតលោក Trump និងលោក Netanyahu
តេហេរ៉ង់ ៖ បុព្វជិតកំពូលអ៊ីរ៉ង់មួយរូប ក្នុងអំឡុងពេលទេសនាកាលពីថ្ងៃសុក្រសប្តាហ៍មុន បានអំពាវនាវឲ្យមានការប្រហារជីវិត ទាំងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយអនុលោមតាមច្បាប់ Sharia ដែលជាប្រព័ន្ធច្បាប់របស់សាសនាឥស្លាមដ៏តឹងរ៉ឹង នេះបើតាមសារព័ត៌មាន Fox News ចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា។
បុព្វជិតកំពូលអ៊ីរ៉ង់លោក Ayatollah Ahmad Khatami បានចោទប្រកាន់លោក Trump និងលោក Netanyahu ថា បានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅហ្គាហ្សា និងការធ្វើឃាតលោក Qasem Soleimani មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម “Quds Force” នេះបើយោងតាមការបកប្រែភាសាចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ Memri។
លោក Khatami បាននិយាយដោយសំដៅដល់មេដឹកនាំទាំងពីរថា ពួកអ្នកគឺជាឃាតករ ហើយពួកអ្នកត្រូវតែទទួលទោស។ ហ្វូងមនុស្សបានឆ្លើយតបដោយការស្រែកថា “ស្លាប់ទៅអាមេរិក” “ស្លាប់ទៅចក្រភពអង់គ្លេស” និង “ស្លាប់ទៅអ៊ីស្រាអែល”។ បុព្វជិតកំពូលអ៊ីរ៉ង់វ័យ៦៥ឆ្នាំរូបនេះ គឺជាសមាជិកនៃក្រុមប្រឹក្សាឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងជាសមាជិកជាន់ខ្ពស់នៃសភាអ្នកជំនាញ។
គួរកត់សម្គាល់ ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលបានពុះកញ្ជ្រោលរហូតឈានដល់ការផ្ទុះសង្គ្រាមអស់រយៈពេល១២ថ្ងៃកាលពីខែមុន ស្របពេលដែលភ្លើងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅហ្គាហ្សានៅតែឆាបឆេះរោលរាល ចាប់តាំងពីក្រុមហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
យ៉ាងណា លោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ លោកចង់ឃើញជម្លោះហ្គាហ្សាបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ដោយឡែក ទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ក៏មានភាពតានតឹងផងដែរ បន្ទាប់ពីលោកប្រធានាធិបតី Trump បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់កាលពីខែមុន៕
ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា