ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ដល់ក្រុមហ៊ុនវិនិយោគជឿជាក់​រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារផលប្រយោជន៍ទាំងពួកគេ និងពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ក្រុមហ៊ុនទាំងរោងចក្រ សហគ្រាសនៅកម្ពុជា សុំឱ្យថែរក្សាភាពស្ងប់ស្ងៀម និងជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ព្រោះមានលទ្ធភាព គ្រប់បែបយ៉ាងដើម្បីការពារវិនិយោគរបស់ពួកគេ ក៏ដូចជាដើម្បីផលប្រយោជន៍របស់កម្ពុជា។ ជាមួយគ្នានេះក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពារផលប្រយោជន៍ជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថាគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ និងគិតមកដល់ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ៣៩៦គម្រោង ដែលមានទុនវិនិយោគចំនួន៦ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋ ចំនួន ២៧១ពាន់កន្លែង ។ ដូចនេះគឺកម្ពុជាយើងនៅមានឱកាស មានលទ្ធភាពទាក់ទាញវិនិយោគមកដាក់ទុននៅកម្ពុជាដើម្បីបង្កើតការងារជូន បងប្អូនប្រជាពលរដ្ឋយើង។ដូច្នេះចំពោះបងប្អូនរបស់យើងបើចង់វិលត្រឡប់មកធ្វើការក្នុងប្រទេសកម្ពុជាយើងវិញ គួរវិលត្រឡប់មកវិញដោយសារយើងមានការងារ ២៧១ពាន់កន្លែង ជូនដល់បងប្អូនយើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ដោយបញ្ជាក់ថា ចំពោះរាជរដ្ឋាភិបាលកម្ពុជា មិនមែនមានត្រឹមតែវិធានការការពារអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជានោះទេ មានទាំងវិធានការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានលើកឡើងដែរថាកម្ពុជាប្រកបដោយសក្តានុពលជាច្រើនដូចជា៖ កម្ពុជា មានស្ថេរភាពរនយោបាយ ជាប្រទេសមានសុខសន្តិភាព មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច មានប្រជាពលរដ្ឋដែលមានវ័យក្មេងជាង ៦០ភាគរយ ក្រោយអាយុ ៣៥ឆ្នាំ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ជាប្រទេសនៅក្នុងតំបន់មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ មានភូមា និងភាគខាងត្បូងរបស់ប្រទេសចិន ខេត្តយូណាន ដែលមានប្រជាពលរដ្ឋ ២៥០លាននាក់៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ឈឹម ទីណា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner