សហជីពកម្ពុជាអំពាវនាវកុំយករឿងដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកធ្វើជាអាវុធនយោបាយ និងការបំភ័យកម្មករ

(ភ្នំពេញ)៖ សហជីពកម្ពុជាដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានអំពាវនាវ​ដល់​អ្នក​នយោ​បាយ អង្គការសង្គមស៊ីវិល ក៏ដូចសហជីពមួយចំនួន កុំយកការដាក់ពន្ធថ្មីរបស់​សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជា មកធ្វើជាឧបករណ៍នយោបាយដើម្បី​បង្អាប់បង្អោន​រាជរដ្ឋាភិបាល ក៏ដូចជាផ្សព្វផ្សាយបំភ្លៃ បំប៉ោងដើម្បីបំភ័យកម្មករដែលហួស​ពីការពិត​។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធលើទំនិញ​នាំចេញពីកម្ពុជាចំនួន៣៦% នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អ្នក​នយោបាយ និងបុគ្គលមួយចំនួនក្នុងសង្គមតែងតែចូលចិត្តបង្អាប់បង្អោន និងបន្តុះ​បង្អាប់ជាតិខ្លួនកុំឱ្យយកបញ្ហាពន្ធរបស់អាមេរិកនេះធ្វើជាឆ្នាំងបាយនយោបាយ ដោយបំភ្លៃ បំផ្លើស និងបំប៉ោងបញ្ហាដែលគ្មានការពិត។

លោកថា៖ «សូមកុំយកបញ្ហាការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកនេះ ធ្វើជាឈ្នាន់​នយោបាយទៅនិយាយឃោសនាអកុសលបំភិតបំភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករនិយោជិត។ យើងត្រូវតែរួមគ្នាដើម្បីរក្សានូវឧត្តមភាព និងប្រយោជន៍ជាតិ​របស់​កម្ពុជាឲ្យបានគង់វង្សស្ថិតថេរ»។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត​ឱ្យរក្សា​ភាពស្ងៀមសាត់បន្តភាពជឿជាក់ លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាពន្ធ និងជំរុញការនាំចេញ និងបង្កើនផលិតភាពការងារជូនបងប្អូនកម្មករនិយោជិត និ​ង​បាន​ណែនាំឱ្យកម្មករនិយោជិតត្រូវប្រឹងប្រែងធ្វើការដើម្បីបង្កើនផលិតភាពការងារ។

ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានលើកឡើងដែរថា ការដាក់ពន្ធពីអាមេរិកនេះ គឺជារឿងសកលដែលមិនមែន​ជារឿង​ដាច់ដោយឡែករបស់កម្ពុជានោះទេ។ ដូចនេះ ការបំភ្លៃ បំផ្លើសពីក្រុមអគតិ​ណាមួយដែលចង់ប្រើប្រាស់ចំណុចពន្ធ៣៦%មកបំភ័យ គឺជារឿងគ្មានសីលធម៌។

បន្ថែមពីនេះ ប្រធានសហជីពទាំងពីររូបដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការដំឡើងពន្ធរបស់អាមេរិកនេះ គឺមិនមានអ្វីគួរឱ្យបារម្ភ​នោះ​ឡើយ​​ព្រោះរោងចក្រដែលមានស្លាកយីហោល្បីៗនៅកម្ពុជា សុទ្ធសឹងជារោងចក្រ​លំដាប់ពិភពលោក ដែលមានការលក់ចែកចាយទូទាំងពិភព​លោក ហើយ ទីផ្សារនាំចេញរបស់កម្ពុជា មិនមែននាំចេញតែសហរដ្ឋអាម៉េរិកនោះទេ។

សម្រាប់សហជីពទាំងពីរ ការប្តូររោងចក្រទៅកាន់ប្រទេសដទៃទៀតដោយ​សារ​តែ​បញ្ហាពន្ធប៉ុណ្ណេះ គឺមិនអាចទៅរួចនោះទេព្រោះត្រូវការចំណាយច្រើន នីតិ​វិធី​ស្មុគ​ស្មាញ និងខាតបង់ច្រើនទៅវិញ។ ជាមួយគ្នានេះ តំណាងកម្មករទាំងពីររូប ជឿ​ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានយុទ្ធសាស្រ្តទាក់ទាញអ្នកវិនិយោគទុនបន្ត​នៅកម្ពុជាក្នុងការរក្សាការងាជូនបងប្អូនកម្មករ ក៏ដូចជាការបង្កើនឱកាសការងារ​បន្ថែមទៀតផង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner