ឯកឧត្តម សូ វិសុទ្ធី អញ្ជើញប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សានិងដល់និស្សិត នៃកម្មវិធី Techpreneur Bootcamp របស់​ស្ថា​ប័ន DICHI Academy

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់​សញ្ញាបត្រ​បញ្ចប់ការសិក្សាដល់និស្សិតចំនួន ៣០រូប នៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័ន DICHI Academy នៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន ដៃគូ សិស្សនិស្សិត និងអាណាព្យាបាលប្រមាណ ១៤០រូប។

កម្មវិធី Techpreneur Bootcamp គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៩ខែ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្សនិស្សិតអំពីជំនាញអភិវឌ្ឍកម្មវិធី (Full Stack) រួមនឹងជំនាញសហគ្រិនភាព តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស​ជាក់ស្ដែងពីអ្នកជំនាញនៅតាមក្រុមហ៊ុនឯកជន និងផ្ដល់ឱកាសដល់សិស្សនិស្សិត​ក្នុងការអភិវឌ្ឍកម្មវិធីនិងរកដំណោះស្រាយឌីជីថលដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង។ ទន្ទឹមនឹងនេះ និស្សិតចំនួន ៦ក្រុម បានអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលដែលជា​គម្រោងបញ្ចប់ការសិក្សារបស់ក្រុមនីមួយៗ ក្នុងនោះមានគម្រោង ២ ត្រូវបានក្រម​ហ៊ុន​ជ្រើសរើសមកប្រើប្រាស់ដើម្បីជាដំណោះស្រាយអាជីវកម្មរបស់ពួកគេ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនេះ បានដើរតួ​យ៉ាង​សកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជា​ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចនិងសង្គម​ឌីជីថល រដ្ឋាភិបាលឌីជីថល និងចូលរួមជំរុញពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner