ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ នៅខេត្តកំពង់ចាម

(កំពង់ចាម)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវាទំហំ ១០ហិកតា ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងព្រះរាជពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមប្រជាពលរដ្ឋខេត្តកំពង់ចាម ជាច្រើនរូបទៀត ។

«រុក្ខទិវា ៩កក្កដា» ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ ។ ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតឡើងវិញនូវពិធី «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២មក ។

មកទល់ពេលនេះ ព្រឹត្តិការណ៍ «រុក្ខទិវា ៩កក្កដា» បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយបង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សាលារៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។

គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម ។

សម្រាប់ពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥,០០០ដើម នឹងត្រូវដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ពីដើមឡើយ ទីតាំងនេះ ពោល គឺចាប់ពីឆ្នាំ១៩៣៤មក ទីតាំងនេះ គឺជាអតីតស្ថានីយកសិកម្មចំការក្រូច ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា ស្ថានីយ៍ពិសោធន៍ដំណាំកប្បាសចំការលើ នៅឆ្នាំ១៩៨១ ក្រោយពេលក្រសួងកសិកម្ម និងអ្នកជំនាញការអតីតសហភាពសូវៀត បានសហការដាំដើមកប្បាសនៅលើទីតាំងនេះ ដើម្បីបម្រើឱ្យឧស្សាហកម្មដំណាំកប្បាស និងបំពេញតម្រូវការរោងចក្រវាយនភណ្ឌ ។

ជាអកុសលនៅខែសីហា ឆ្នាំ១៩៨៣ អ្នកជំនាញការសូវៀត ចំនួន ៩នាក់ បានបាត់បង់ជីវិតក្រោមការពួនស្ទាក់បាញ់ប្រហាររបស់ពួក ប៉ុល ពត បានធ្វើឱ្យគម្រោងផលិតកម្មដំណាំកប្បាស ត្រូវបានផ្អាកទាំងស្រុង ហើយក្នុងឆ្នាំដដែលនោះ ក្រសួងកសិកម្ម បានសម្រេចប្តូរឈ្មោះស្ថានីយ៍នេះ មកជាស្ថានីយ៍ ពិសោធន៍ដំណាំចំការលើវិញ ។ នៅឆ្នាំ១៩៩០ ស្ថានីយ៍នេះត្រូវបានផ្លាស់ប្តូរឈ្មោះម្តងទៀត មកជាកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ និងត្រូវបានប្រើប្រាស់សម្រាប់ពិសោធវិធីសាស្រ្តដាំដុះពូជដំណាំផ្សេងៗ រហូតមក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner