អង្គការសហប្រជាជាតិអំពាវនាវសុំការអត់ធ្មត់ខ្ពស់បំផុត ស្របពេលមានភាពតានតឹងខ្លាំង រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បត្តិ៍នេះ បានស្នើឱ្យមានការអត់ធ្មត់ខ្ពស់បំផុតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគ្រាដែលមានភាពតានតឹងខ្លាំងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក៏ដូចជានៅក្នុងតំបន់ឈូងសមុទ្រ Gulf នេះបើតាមអ្នកនាំពាក្យប្រមុខដឹកនាំអង្គការសហប្រជាជាតិ គឺលោក ស្ទេរហ្វេន ឌូហ្ស៊ារីគ។
 
ការអំពាវនាវនេះបានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់កាលពីសប្តាហ៍មុនថា ទីក្រុងតេហេរ៉ង់នឹងទទួលរងភាពឈឺចាប់ជាទីបំផុត បើសិនជាហ៊ានបំផ្លាញផលប្រយោជន៍សហរដ្ឋអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ មិនតែប៉ុណ្ណោះ ទីបញ្ជាការកណ្ដាលកងទ័ពអាម៉េរិកក៏បានដាក់ឱ្យកងទ័ពខ្លួននៅអ៊ីរ៉ាក់ និងស៊ីរី ស្ថិតក្រោមលក្ខណៈប្រុងជើងការខ្ពស់ផងដែរ ដោយសារការគំរាមកំហែងរបស់អ៊ីរ៉ង់ ស្របពេលមន្ត្រីទូតអាម៉េរិកមិនមានភារកិច្ចចាំបាច់ ត្រូវបានបញ្ជាឲ្យដកចេញជាបន្ទាន់ពីអ៊ីរ៉ាក់។

ប៉ុន្តែនៅក្នុងថ្ងៃព្រហស្បត្តិ៍ដដែលនេះ នៅចំពោះមុខអ្នកយកព័ត៌មានជាច្រើន លោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា សង្រ្គាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងមិនផ្ទុះឡើងឡើយ ខណៈការអះអាងនេះ ធ្វើឡើងក្នុងអំឡុងពេលទទួលស្វាគមន៍ប្រធានាធិបតីស្វីសលោក យូអេលី ម៉ូរើ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner