ហ៊ូធីបង្ហាញពីរូបភាពនាវាដែលខ្លួនបានវាយពន្លិច

បរទេស ៖ ក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែន បានបញ្ចេញរូបភាព នៃការវាយប្រហារ និងពន្លិចនាវាមួយគ្រឿង នៅសមុទ្រក្រហម។

រូបភាពដែលចេញផ្សាយ ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់យោធាហ៊ូធី កាលពីថ្ងៃទី ៨ ខែកក្កដា បានបង្ហាញពីអ្វី ដែលខ្លួននិយាយថា កំពុងកំណត់គោលដៅ វាយប្រហារលើនាវា ‘Magic Seas’ របស់ក្រិក ដែលមានទង់ជាតិ ប្រទេស លីបេរីយ៉ា នៅសមុទ្រក្រហម។

ក្រុមឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ពួកគេបានវាយប្រហារ ដោយប្រើប្រាស់កាំជ្រួច យន្តហោះគ្មានមនុស្សបើក និងកប៉ាល់គ្មានមនុស្សបើក ហើយអះអាងថា នាវាមួយគ្រឿងនេះ ធ្លាប់បានចូលចត នៅក្នុងប្រទេស អ៊ីស្រាអែល។

កងកម្លាំងទ័ពជើងទឹក សហភាពអឺរ៉ុប បាននិយាយ កាលពីថ្ងៃអង្គារថា ការវាយប្រហារដោយក្រុមឧទ្ទាម Houthi លើកប៉ាល់ដឹកទំនិញ មួយគ្រឿងនេះ បានសម្លាប់ទាហានជើងទឹក បីនាក់ និងពីរនាក់ទៀត រងរបួស។ ពួកគេបានបង្ហាញ ពីគ្រោះថ្នាក់ នៃយុទ្ធនាការជាថ្មី របស់ក្រុមប្រដាប់អាវុធមួយនេះ ដែលផ្តោតលើផ្លូវសមុទ្រដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

គួរកត់សម្គាល់ ក្រុមហ៊ូទី បានវាយប្រហារកប៉ាល់ពាណិជ្ជកម្ម នៅសមុទ្រក្រហម និងឈូងសមុទ្រ អេដេន ចាប់តាំងពីសង្រ្គាមហ្គាហ្សា បានផ្ទុះឡើង ក្នុងខែតុលា ឆ្នាំ២០២៣ បង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ហើយប្រឆាំងអ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner