ធនាគារពិភពលោកប្រចាំកម្ពុជា មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា
(ភ្នំពេញ)៖ អាទិភាពរបស់ធនាគារពិភពលោក គឺស្របគ្នានិងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែក ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ។ ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាល ពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្ត្រី សុខាភិបាលកម្ពុជា ។
នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Tenia Meyer និង ស្រី Caryn Bredenkamp នាយិកាផ្នែកសុខភាព និងអាហាររូបត្ថម្ភប្រចាំតំបន់អាស៊ីបូព៌ា នៃធនាគារពិភពលោក» បានលើកឡើងបែបនេះ ក្នុងឱកាស ចូលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាល ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការងារអាទិភាពចំបងដែលគួរបន្តខិតខំបន្ថែម គឺ ការបង្ការ និងការស្រាវជ្រាវរកជំងឺមហារីក ដើម្បីព្យាបាលឱ្យបានទាន់ពេល ជាមួយគ្នានេះ ការងារសុខភាពឌីជីថល ការចុះបញ្ជីអ្នកជំងឺតាមប្រព័ន្ធអេឡិចត្រូនិក ក៏មានសារសំខាន់និងបន្ទាន់ដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលពិនិត្យឡើងវិញនៃការអនុវត្តការងារ កត្តាប្រឈម និងដំណោះស្រាយលើគម្រោងដែលកំពុងអនុត្តបច្ចុប្បន្ននេះផងដែរ ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ មានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក សម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
















