អភិបាលរាជធានីភ្នំពេញ សូមឱ្យប្រជាពលរដ្ឋ៣គ្រួសារទៀត ដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបសាក់(ចាក់អង្រែក្រោម–ព្រែកប្រា) ទទួលយកសំណងដែលរដ្ឋប្រគល់ជូន
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមូយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបសាក់(ចាក់អង្រែក្រោម–ព្រែកប្រា) ហើយមកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន ៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរ នូវឡើយទេ បើទោះបីអាជ្ញាធររាជធានីភ្នំពេញបានសម្រេច ប្រគល់សំណងជូនពួកគាត់ជាង ៣លានដុល្លារយ៉ាងណាក្តី ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៨ កក្កដានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញពួកគាត់ទាំង ៣គ្រួសារមកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ ។ ជាលទ្ធផលគឺពួកគាត់នៅតែទាមទាសំណងហួសហេតុ មិនអាចទទួលយកបានដដែលពោលគឺបានទាមទារ គុណនិង២ ,គុណនិង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ដីរបស់បងប្អូនដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ ។ ដូច្នេះសូមបងប្អូនទាំង ៣គ្រួសារមេត្តាយោគយល់ ។ អាជ្ញាធរក្នុងនាមអាណាព្យាបាល មិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ សូមកុំទាសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន ។
ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា តម្លៃដីរហូតដល់ជាង ៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។ ឯកឧត្តមអភិបាល បញ្ជាក់ថាបងប្អូនអាចជួលក្រុមហ៊ុន អចលនៈទ្រព្យចំនួន ២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនបាន ដោយរដ្ឋបាលរាជធានីភ្នំពេញ សុខចិត្តចេញលុយថ្លៃក្រុមហ៊ុនឱ្យថែមទៀត។ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើ បងប្អូនអាចបន្តប្តឹងទៅតុលាការបាន ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ ថវិកាជាង ៣លានដុល្លារដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបានទៅតាមការទាមទាស្រេចតែចិត្តនោះទេ។ ចុងក្រោយនេះអាជ្ញាធររាជធានីភ្នំពេញមានជម្រើស២សម្រាប់បងប្អូន ទី១ បងប្អូនទាំង៣គ្រួសារអាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ថវិកាជូនថ្លៃរុះរើចំនួន ១០ម៉ឺនដុល្លារ និង ទី២ រដ្ឋបាលរាជធានីភ្នំពេញនឹងជួលគេឱ្យមករុះរើ។ មែនទែនទៅអាជ្ញាធររាជធានីភ្នំពេញ មិនមានចេតនាណាមួយចង់អនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ គម្រោងនេះវានឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹងក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ








