ក្រសួងរៀបចំដែនដី ក្រសួងធម្មការ និងក្រសួងវប្បធម៌ រកការឯកភាពគ្នាលើការសាងសង់ ថែទាំ និងជួសជុលសំណង់សាសនា សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងភាពសមស្របនៃរចនាបទសំណង់សាសនា និងការជួសជុលអភិរក្សសំណង់បេតិកភណ្ឌ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំមតិយោបល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា គណៈវិស្វករ គណៈស្ថាបត្យករ និងបញ្ញវន្តខ្មែរទាំងអស់ ដើម្បីស្វែងរកការឯកភាពគ្នាទាក់ទិននឹងការសាងសង់ ថែទាំនិងការជួសជុលសំណង់វត្តអារាម និងសំណង់សាសនាធ្វើយ៉ាងណាដើម្បីកុំ ឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងភាពសមស្របនៃរចនាបទសំណង់សាសនា និងការជួសជុលអភិរក្សសំណង់បេតិកភណ្ឌ។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការសាងសង់និងការជួសជុលសំណង់វត្តអារាម ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចការជាអាទិភាពមួយដ៏ធំរបស់ក្រសួង គឺការរៀបចំដែនដី និងនគរូបនីយកម្ម ដែលក្នុងកិច្ចការនោះមានការបែងចែកជាតំបន់នានានៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានតំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ទីប្រជុំជននិងក្រុង ហើយនៅក្នុងតំបន់ទីប្រជុំជននិងក្រុងគឺយើងមានប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ដែលបាននឹងកំពុងរៀបចំជាបណ្ដើរៗនៅតាមបណ្ដារាជធានីខេត្តមួយចំនួនរួចហើយ ។
លើសពីនេះ ដោយសារវត្តអារាមជាអត្តសញ្ញាណជាតិខ្មែរ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយប្រជាពលរដ្ឋខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះការជួបជុំគ្នានាពេលនេះគឺដើម្បីស្នើសុំមតិយោបល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា គណៈវិស្វករ គណៈស្ថាបត្យករនិងបញ្ញវន្តខ្មែរទាំងអស់ដើម្បីស្វែងរកការឯកភាពគ្នាទាក់ទិននឹងការសាងសង់ ថែទាំនិងការជួសជុលសំណង់វត្តអារាមនិងសំណង់សាសនាធ្វើយ៉ាងណាដើម្បីកុំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងភាពសមស្របនៃរចនាបទសំណង់សាសនា និងការជួសជុលអភិរក្សសំណង់បេតិកភណ្ឌ ។
បន្ទាប់ពីទទួលបានការឯកភាពគ្នាហើយនោះ ស្ថាប័នទាំងបី នឹងនាំយកលទ្ធផលក្រាបបង្គំទូលថ្វាយគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីក្រាបបង្គំស្នើសុំ និងស្នើសុំអនុសាសន៍សម្រាប់ការអនុវត្ត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កេតឃើញថា បច្ចុប្បន្នមានវត្តអារាមមួយចំនួនដែលបានចំណាយមិនចាំបាច់លើសំណង់ច្រើនលើសលប់ ដូច្នេះឯកឧត្តមបានលើកជាគតិពិចារណាសម្រាប់អង្គប្រជុំពិនិត្យថាតើយើងគួរបន្តរៀបចំសាងសង់ចេតិយ រឺកុដិ តាមទម្លាប់ដែលមានពីមុនមករឺយ៉ាងណា ដោយសារយើងឃើញថា កុដិ សាលាឆាន់និងអគារផ្សេងៗបម្រើឲ្យវិស័យពុទ្ធចក្រដែលបានសាងសង់តាមទម្លាប់ពីមុនមកនោះគឺចំណាយក្នុងការសាងសង់ខ្ពស់និងពិបាកក្នុងការថែទាំ មានសភាពងងឹត គ្មានខ្យល់អាកាសនិងពន្លឺចេញចូលគ្រប់គ្រាន់ ដូច្នេះឯកឧត្តមមានបំណងចង់ឲ្យមានការរៀបចំវត្តអារាមឬសំណង់សាសនាផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីកែប្រែផ្នត់គំនិតរបស់ប្រជាជនក្នុងការរស់នៅនិងប្រើប្រាស់វត្តអារាម ឬសំណង់សាសនាទាំងនោះតាមបែបបទថ្មីក្នុងសហសម័យ ដោយគិតអំពីលំហសាធារណៈ លំហបៃតង មានខ្យល់អាកាសនិងពន្លឺចេញចូលគ្រប់គ្រាន់ ផ្ដល់គុណប្រយោជន៍ដល់សុខភាព មានមនោសញ្ចេតនា និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សាយ សំអាល់ យល់ឃើញថា សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីគឺជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់កម្ពុជានាជំនាន់ថ្មីនេះដែលមានទស្សនៈវិស័យវែងឆ្ងាយនិងជាក់លាក់ក្នុងការប្រែក្លាយកម្ពុជាឱ្យមានការអភិវឌ្ឍន៍រីកចម្រើនក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ២០៥០។ ដូច្នេះក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមនិងសហការី នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបអោយបានជោគជ័យទៅនឹងទស្សនៈវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ទាក់ទិននឹងការសាងសង់និងការជួសជុលសំណង់វត្តអារាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមានជាគោលការណ៍និងទស្សនៈវិស័យពីក្រសួងនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតក៏ដូចជាបញ្ញវន្តខ្មែរទាំងអស់ និងត្រូវមានការឯកភាពគ្នារវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើកិច្ចការសំណង់បេតិកភណ្ឌ និងមានការឯកភាពគ្នាជាមួយក្រសួងធម្មការនិងសាសនាដើម្បីធ្វើយ៉ាងណាឱ្យទីវត្តអារាម សាកសមជាទីសក្ការៈបូជា មានលំហបៃតង មានខ្យល់អាកាសនិងពន្លឺចេញចូលគ្រប់គ្រាន់ មានភាពស្ងប់ស្ងាត់ មានសន្តិភាពផ្លូវចិត្តនិងផ្ដល់គុណប្រយោជន៍ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តសម្រាប់ពុទ្ធបរិស័ទគ្រប់រូបដែលបានចូលទៅកាន់ទីវត្តអារាម៕






ដោយ / គ្រី សម្បត្តិ