ឯកឧត្តម សរ សិទ្ធិ ៖ មូលហេតុចំនួនមេដាយថមថយជាងការប្រជែងកាលពីលើកទី២០ ដោយសារលើកទី ២១ នៅអាមេរិក ប្រទេសនិងអត្តពលិកចូលរួមច្រើន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អត្តពលិកកីឡាក្រសួងមហាផ្ទៃរួមមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជណាចក្រកម្ពុជាហើយ បន្ទាប់ពីចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោក ( The 21st World Police and Fire Games) លើក ២១ ឆ្នាំ២០២៥ នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។

ការប្រជែងដណ្តើមមេដាយរបស់អត្តពលិកកីឡាក្រសួងមហាផ្ទៃលើ ១២ប្រភេទ ជាលទ្ធផល ដណ្តើមបានមេដាយសរុបចំនួន ៦២គ្រឿង មេដាយមាស ២២គ្រឿង ប្រាក់ ២២គ្រឿង និងមេដាយសំរឹទ្ធ ១៨គ្រឿង នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីឯកឧត្តម សរ សិទ្ធិ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៨ កក្តដា ឆ្នាំ២០២៥ ។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ចំនួនមេដាយនេះ បើធៀបនិងការប្រកួតព្រឹត្តិការណ៍ដូចគ្នានេះ កាលពីលើកទី២០ នៅប្រទេសកាណាដា ចំនួនមេដាយដែលអត្តពលិកកីឡាក្រសួងមហាផ្ទៃដណ្តើមបានចំនួន៧១មេដាយ ហើយក្នុងឆ្នាំ២០២៥នៅសហរដ្ឋអាមេរិកយើងដណ្តើមបាន៦២គ្រឿងប៉ុណ្ណោះ មានការថយចុះចំនួន៩មេដាយ។ ប៉ុន្តែចំនួនមេដាយ ៦២គ្រឿង ដែលអត្តពលិកយើងដណ្តើមបានក្នុងឆ្នាំ២០២៥នេះ អាចរាប់បញ្ជូលជាជោគជ័យដ៏ធំធេងបាននាំមកជូនជាតិមាតុភូមិកម្ពុជា។ដ្បិតការប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិនេះ ប្រទេសចូលរួមច្រើន ហើយអត្តពលិកក៏មានចំនួនច្រើនជាងមុន ពិសេស ឥណ្ឌា ប្រទេសប្រេស៊ីល និងអាមេរិកជាម្ចាស់ផ្ទះ គឺបានដាក់អត្តពិកចូលរួមប្រជែងមានចំនួនច្រើន។

នេះជាមូលហេតុដែលធ្វើឱ្យមេដាយរបស់អត្តពលិកកីឡាក្រសួងមហាផ្ទៃមានការថយចុះជាងការប្រជែងកាលពីលើកទី២០។បើទោះបីជាបែបនោះក្តី ក៏កម្ពុជានៅតែឈរនៅក្នុងចំណាត់ថ្នាក់ប្រទេសល្អដែលដណ្តើមបានមេដាយច្រើន ខណៈបើគិតប្រទេសនៅក្នុងតំបន់អាស៊ានដែលបានចូលរួមមានចំនួន៧ប្រទេស ប្រទេសកម្ពុជាឈរនៅចំណាត់ល្អជាងគេ។

ឯកឧត្តម សរ សិទ្ធ បានរំលេចឱ្យដឹងទៀតថា សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោកលើកទី២១នេះ ជាការកត់សម្គាល់ចំណុចល្អៗរបស់កម្ពុជា គឺកម្ពុជាលេងដោយមានការគោរពនៅច្បាប់ល្បែងបានយ៉ាងត្រឹមត្រូវខ្ជាប់ខ្ជួន ពិសេស បច្ចេកទេសទេពកោសល្យ គឺកម្ពុជាយើងមិនចាញ់កីឡាករបរទេសឡើយ។យើងនូវតែមានលទ្ធភាពប្រជែងដណ្តើមបានមេដាយមាសប្រាក់ជូនកម្ពុជាបើទោះបីត្រូវប៉ះកីឡាករអឺរ៉ុបដែលជាកីឡាករគុណភាពកម្រិតខ្ពស់ក៏ដោយ។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលតែងតែបានផ្តល់នូវធនធានថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិយើងក្នុងការបន្តលើកស្ទួយដល់វិស័យកីឡាតាមរយៈចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិ។ក្នុងនាម ជារដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សូមប្តេជ្ញាចិត្តនឹងបន្តដឹកនាំបង្រឹងការហ្វឹកហាត់ដល់អត្តពលិកកីឡាក្រសួងមហាផ្ទៃឱ្យបានខ្លាំងក្លាបន្ថែមទៀត៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner