ថ្ងៃស្អែក ឯកឧត្តម ប្រាក់ សុខុន និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ នៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃស្អែកនេះ ។ ការអញ្ជើញចូលរួមនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម ប៊ុយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារដ្ឋសង្គមនិយមវៀតណាម ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការទេសនៃកិច្ចប្រជុំទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ជាបន្តបន្ទាប់ ។

យោងតាមក្រសួងការបរទេស នៅថ្ងៃទី១០ កក្កដា គឺជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៦ ដែលកិច្ចប្រជុំនឹងពិនិត្យលើវឌ្ឍនភាព និងការអនុវត្តយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគ្គង-ជប៉ុនលើកទី១៥ នៅប្រទេសឡាវ ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ។

នៅថ្ងៃបន្ទាប់ គឺជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ- សាធារណរដ្ឋកូរ៉េ លើកទី១៣ រដ្ឋមន្ត្រីការបរទេស ដែលកិច្ចប្រជុំ នឹងពិនិត្យវាយតម្លៃវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉ ស្ថិតក្រោមផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈអំពីទិសដៅយុទ្ធសាស្រ្តនៃផែនការសកម្មភាពមេគង្គ-កូរ៉េឆ្នាំ២០២៦-២០៣០ ។

សូមបញ្ជាក់ថា កិច្ចប្រជុំទាំងពីរ នឹងប្រព្រឹត្តទៅ ក្នុងខណៈពេលដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ កំពុងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រសួងការបរទេស

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner