ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃ​កិច្ច​ប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន នៅប្រទេសស្វ៊ីស

(ហ្សឺណែវ)៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. និង​និយ័តករទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់​ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (World Summit on the Information Society-WSIS +20 High-Level Event 2025) នៅក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស។

កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ ជាការជួបជុំរបស់​ដៃគូ​អន្តរជាតិទាំងអស់ ដើម្បីពិនិត្យលទ្ធផលរយៈពេល២០ក្រោយការបង្កើតនាកិច្ចប្រជុំ WSIS នៅទុយនីសកាលពីឆ្នាំ២០០៥ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីប្រមាណ៦០រូប អគ្គលេខាធិការ​សហភាព​ទូរគម​នាគមន៍អន្តរជាតិ តំណាងជាន់ខ្ពស់អង្គការយូណេស្កូ កម្មវិធីអភិវឌ្ឍន៍អង្គការ​សហប្រ​ជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) តំណាងនិយ័តករប្រមាណ ៤០រូប តំណាងទីភ្នាក់ងារជំនាញអង្គការ​សហប្រជាជាតិប្រមាណ៥០ រួមទាំងអ្នកចូល​រួមជាច្រើនប្រទេសប្រមាណ ៤០០០នាក់ ។

កិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥នេះ ក៏មានកម្មវិធីអមមួយចំនួនរួមមាន “កិច្ចប្រជុំកំពូល​ពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥” (AI for Good Global Summit 2025) “វេទិកាហ្វ្រង់កូហ្វូនីស្ដីពីអភិបាលកិច្ចឌីជីថល​និង​បញ្ញាសិប្បនិម្មិត” (Forum Francophone sur la gouvernance du numérique et de l’IA) និង “វេទិកាការតភ្ជាប់ហ្ស៊ីហ្កា ឆ្នាំ2025” (GIGA Connectivity Forum 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) បានចាប់ ផ្ដើម កាលពីពីរទស្សវត្សរ៍មុននៅពេលប្រព័ន្ធអ៊ីនធឺណិតនិងវេបចាប់ផ្ដើមរីកសាយ បន្តិចម្ដងជុំវិញពិភពលោក។ កិច្ចប្រជុំកំពូលលើកទី១នៅហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ២០០៣ និងកិច្ចប្រជុំកំពូលនៅក្រុងទុយនីស ប្រទេសទុយនេស៊ី ឆ្នាំ២០០៥ បានកំណត់ចក្ខុវិស័យនៃ “សង្គមព័ត៌មាន” តភ្ជាប់ដោយអ៊ីនធឺណិតដែលលើកតម្កើង មនុស្សជាតិ ប្រកបដោយបរិយាបន្ន និងគាំទ្រដំណើរការអភិវឌ្ឍ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner