អភិបាលរងខេត្តសៀមរាប ណែនាំឲ្យមន្ត្រីទើបទទួលបានមុខតំណែងថ្មី ត្រូវបំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់
(សៀមរាប)៖ មន្ត្រីទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយភាពស្មោះត្រង់ និងតស៊ូព្យាយាមលើកស្ទួយការងាររដ្ឋបាលឲ្យកាន់តែប្រសើរឡើង។
ត្រូវបង្កើនសាមគ្គីភាពក្នុងអង្គភាព ឈ្វេងយល់អំពីតួនាទី និងការបែងចែកការងារឱ្យមានតម្លាភាព និងប្រសិទ្ធភាព ។ ពិសេសត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការជៀសវាងអំពើអសន្តិសុខផ្សេងៗ ដោយអនុវត្តគោលនយោបាយ “ភូមិឃុំសង្កាត់មានសុវត្ថិភាព”។
នេះគឺជាការលើកឡើងរបស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការសម្រាប់មន្រ្តីនៃរដ្ឋបាលស្រុកអង្គរធំ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។
សូមបញ្ជាក់ថា លោក កែ វីរិទ្ធ មានឋានន្តរសក្តិនាយក្រុមការថ្នាក់លេខ៦ ត្រូវបានតែងតាំងជាអភិបាលរងស្រុកអង្គរធំ និង លោក ស៊ូរ សេដ្ឋាន មានឋានន្តរសក្តិក្រមការដើមខ្សែថ្នាក់លេខ៣ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាស្រុកអង្គរធំ ។
លោកអភិបាលរងខេត្ត ក៏បានណែនាំឲ្យមន្រ្តីដែលទើបត្រូវបានតែងតាំងថ្មី ត្រូវអនុវត្តការងារដោយឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដើម្បីធានាថាការងាររដ្ឋបាលស្រុកអាចបំពេញបានយ៉ាងរលូន ស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ពិសេសត្រូវដាក់ចិត្តស្មោះលើសេវាកម្មសាធារណៈ ក្នុងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍស្រុកឱ្យមានការរីកចម្រើនយ៉ាងច្បាស់លាស់ ៕
ដោយ ៖ ប៊ុន រដ្ឋា



