អភិបាលខេត្ត និងក្រសួងវប្បធម៌ រំលឹកខួបប្រាសាទសំបូរព្រៃគុក ដ៏មានតម្លៃប្រវត្តិសាស្ត្រ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥) នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ អតីតរាជធានីឦសានបុរៈ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ពិធីនេះបានអញ្ជើញដឹកនាំដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសកម្ម។

ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា ប្រាសាទសំបូរព្រៃគុក គឺជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលតំណាងឲ្យអតីតរាជធានីខ្មែរ សម័យចេនឡា ក្នុងឈ្មោះដើមថា «ឦសានបុរៈ»។ ប្រាសាទនេះត្រូវបានកសាងឡើងចាប់ពីចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ហើយមានក្រុមប្រាសាទសំខាន់ចំនួន ៣ រួមមាន៖ ប្រាសាទសំបូរ (ខាងជើង), ប្រាសាទកណ្តាល (ប្រាសាទតោ) និងប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។

ឯកឧត្តម ហាប់ ទូច បានរំលឹកថា ប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ ជោគជ័យនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការណែនាំដ៏ឆើតឆាយពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចាប់ផ្តើមរៀបចំឯកសារជាផ្លូវការ នៅឆ្នាំ២០១២។

ឯកឧត្តម បន្ថែមថា ការទទួលស្គាល់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក គឺជាការលើកតម្កើងសម្បត្តិវប្បធម៌ និងកេរ្តិ៍ដំណែលបុរាណរបស់ជាតិ ដែលបន្តរក្សារនិងជំរុញឲ្យជំនាន់ក្រោយ មានការយល់ដឹង និងស្ទាក់ស្ទើរក្នុងការពារមរតកដ៏មានតម្លៃនេះ ។

តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រហែល ២៨ គីឡូម៉ែត្រពីទីរួមខេត្ត ជាទីកន្លែងទាក់ទាញទេសចរណ៍ សិក្សាបេតិកភណ្ឌ និងគុណតម្លៃប្រវត្តិសាស្ត្រដ៏សម្បូរបែបសម្រាប់ជាតិខ្មែរ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner