ក្រុមយុវជនខេត្តកំពង់ឆ្នាំង យកឈ្នះខេត្តកណ្ដាល ៣:០ ឡើងវគ្គផ្ដាច់ព្រ័ត្រពាន G-PARK Youth Cup U-15
ក្រុមបាល់ទាត់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង U-15 យកឈ្នះ ក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលក្នុងជំនួបជើងទី២ ៣-០ បន្ដដំណើរឡើងជុំផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតដណ្តើមពានរង្វាន់ ជី ផាក យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី១(G-PARK Youth Cup U-15) នៅកីឡដ្ឋានខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
កាលពីជើងទី១ ក្រុម U-15 ខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុម U-15 ខេត្តកណ្ដាលក្នុងដី ដោយលទ្ធផល ៨-១ ម្ដងរួចមកហើយ។ សរុបលទ្ធផលទាំងលើកនេះ ពួកគេបានទទួលជ័យជម្នះសរុប ១១-១។ ក្រុមយុវជន U-15 ខេត្តកំពង់ឆ្នាំង បានក្លាយជាក្រុមទី២ ដែលបានយកឈ្នះគូប្រជែង ហើយបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រ ជាមួយក្រុម U-15 ខេត្តបន្ទាយមានជ័យ ដែលបានយកឈ្នះក្រុម U-15 ខេត្តបាត់ដំបង ៥-៤(២ជើង) កាលពីពេលថ្មីៗ។
គួរបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ ជី ផាក យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី១ នេះមាន ១០ខេត្តចូលរួម៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តកំពត ហើយបែងចែកការប្រកួតជា ២ដំណាក់កាល ទី១)ការប្រកួតជម្រុះតាមខេត្ត ដោយខេត្តនីមួយៗ ត្រូវធ្វើម្ចាស់ផ្ទះម្នាក់ម្ដង និងទី២) ក្រុមទទួលជ័យជម្នះ ៥ក្រុម រួមទាំងក្រុមចាញ់ល្អជាងគេ ១ក្រុម (ឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈកម្មការ) នឹងត្រូវឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានវិសាខា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ រៀបចំដោយក្លិបកីឡាបាល់ទាត់ វិសាខា សហការជាមួយក្រុមហ៊ុនភេសជ្ជៈ G-PARK ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា ផ្ដល់ឱកាសឲ្យកីឡាករយុវជន ពង្រឹងសមត្ថភាព កាយសម្បទា សុខភាព បង្កើតមិត្តភាព សាមគ្គីភាព និងស្មារតីធ្វើការជាក្រុម បំផុសយុវជនចូលរួមលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញឿន និងផ្ដល់ឱកាសយុវជនតាមខេត្ត បានបញ្ចេញសមត្ថភាព ហើយឈានទៅក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត៕ម.ន