ស្លាប់ជនស៊ីវិលជិត ៧០០នាក់ ក្នុងសង្គ្រាម ១២ថ្ងៃរវាងអ៊ីស្រាអែល-អ៊ីរ៉ង់
តេហេរ៉ង់ ៖ ជនស៊ីវិលជិត ៧០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ក្នុងអំឡុងថ្ងៃទី១៣ ដល់ទី២៤ ខែមិថុនា ពោលគឺ ១២ថ្ងៃនៃសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មានរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ។
លោករដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ Mohammad-Reza Zafarghandi និយាយថា ភ្លើងជម្លោះកាលពីពេលថ្មីៗនេះ ក៏បានដុតកម្លោចជនស៊ីវិលជិត ៥.០០០នាក់ឲ្យរងរបួសផងដែរ។
លោកថា ការបង្ហូរឈាមរបស់អ៊ីស្រាលនៅលើទឹកដីអ៊ីរ៉ង់ ក៏បានបណ្តាលឲ្យសមាជិកបុគ្គលិកពេទ្យ ១៨នាក់ រួមទាំងគ្រូពេទ្យ ៦នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។
លោក Zafarghandi វ័យ ៦៧ឆ្នាំរូបនេះបន្ថែមថា មន្ទីរពេទ្យចំនួន៧កន្លែង បានក្លាយជាគោលដៅវាយប្រហារដោយផ្ទាល់របស់អ៊ីស្រាអែល ក្នុងនោះរថយន្តសង្គ្រោះចំនួន ១១គ្រឿង ត្រូវបានបំផ្លាញ ហើយរាល់សកម្មភាពរបស់អ៊ីស្រាអែលទាំងនោះ គឺរំលោភលើគោលការណ៍ និង ច្បាប់អន្តរជាតិ ព្រមទាំងសិទ្ធមនុស្ស។
សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងរោងចក្រនុយក្លេអ៊ែរ និងទីតាំងបញ្ជាការយោធា ដោយបានសម្លាប់មេដឹកនាំបញ្ជាយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើន។
អ៊ីរ៉ង់បានសងសឹកវិញ ដោយបានបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូនជាច្រើន លើ អ៊ីស្រាអែល ដែល បណ្តាល ឲ្យ មាន អ្នកស្លាប់ និងរបួសជាច្រើនផងដែរ។
អនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក Seyed Sajjad Razavi និយាយថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ចំនួនអ្នកស្លាប់នៅខាងភាគីអ៊ីរ៉ង់បានកើនឡើងដល់ជិត ១.១០០នាក់ និង ៥.៧៥០នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអ៊ីរ៉ង់៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា


