ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងសកម្មភាពអញ្ជើញចុះត្រួតពិនិត្យបឹងធំ មានភូមិសាស្រ្តស្ថិតក្នុងស្រុករលាប្អៀរ ស្រុកជល់គិរី និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងនឹងសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងនឹងសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដែលយើងជ្រើសរើសផ្ដើមចេញពីខេត្តកំពង់ឆ្នាំងពីព្រោះខេត្តនេះ បានបញ្ចប់ការវាស់វែងដីធ្លីរួចរាល់ ដូច្នេះអ្វីដែលយើងទទួលបានក្នុងដៃ គឺផែនទីសុរិយោដី ងាយស្រួលក្នុងការកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីក្នុងកំរិតឃុំ ។ ម្យ៉ាងទៀត ខេត្តកំពង់ឆ្នាំងជាទីកន្លែងយុទ្ធសាស្ត្រសម្រាប់ចិញ្ចឹមត្រី មានសក្តានុពលច្រើនសម្រាប់វិស័យកសិកម្ម និងសេដ្ឋកិច្ច ។

ជាមួយនេះដែរចំពោះបឹងធំក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារពិនិត្យមើលថា តើត្រូវចុះបញ្ជីបឹងនេះដោយរបៀបណា ដោយត្រូវកំណត់ឱ្យបានច្បាស់លាស់ថាតើទីណាដែលត្រូវតែជាផ្ទៃទឹករបស់បឹង និងទីណាដែលអាចធ្វើជាតំបន់បម្រុងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍របស់អ្នកខេត្តកំពង់ឆ្នាំង ដូចជាការកសាងសួនសាធារណៈជាដើម ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា កិច្ចការដែលក្រសួងត្រូវធ្វើបន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីរួច គឺត្រូវបន្តការងារសិក្សានិងផ្ដល់យោបល់អំពីគុណតម្លៃនៃសេដ្ឋកិច្ចរបស់ដីតាមសក្តានុពលនៃបណ្តាខេត្តនីមួយៗ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជំរុញកិច្ចអភិវឌ្ឍន៍និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner