អ៊ីស្រាអែលបង្ហាញរូបភាពវាយលុកនៅលីបង់

បរទេស ៖ វីដេអូនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលវាយលុក នៅក្នុងប្រទេសលីបង់ ត្រូវបានបង្ហាញ ខណៈដែលខ្លួនបានប្រកាសថា កងទ័ពអ៊ីស្រាអែល បានចូលទៅកាន់ភាគខាងត្បូង កម្ចាត់ពួក Hezbollah។

យោធាអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃពុធ ទី៩ ខែកក្កដា ថា វាគឺជាផ្នែក នៃប្រតិបត្តិការគោលដៅវាយប្រហារ ដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធ ដែលជាកម្មសិទ្ធិ របស់ក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍របស់កងទ័ព បាននិយាយថា «បន្ទាប់ពីមានព័ត៌មានស៊ើបការណ៍សម្ងាត់ និងការកំណត់អត្តសញ្ញាណអាវុធ របស់ Hezbollah និងហេដ្ឋារចនាសម្ព័ន្ធភេរវករ នៅក្នុងតំបន់ជាច្រើន នៃភាគខាងត្បូង ប្រទេសលីបង់ ទាហានបានចាប់ផ្តើមប្រតិបត្តិការពិសេស ដើម្បីរុះរើពួកគេ និងរារាំងក្រុមនេះ ពីការងើបឡើងវិញ នៅក្នុងតំបន់នេះ»។

យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើ របស់ AFP សម្រាប់ការធ្វើអត្ថាធិប្បាយ ជុំវិញការចោទសួរ ថាតើនេះជាលើកដំបូង ដែលកងទ័ពអ៊ីស្រាអែល ធ្វើប្រតិបត្តិការ នៅលើដីលីបង់ ចាប់តាំងពីបទឈប់បាញ់ កាលពីខែវិច្ឆិកា ឬ យ៉ាងណា នោះទេ។

បទឈប់បាញ់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានព្យាយាមបញ្ចប់អរិភាព ជាងមួយឆ្នាំ ជាមួយក្រុម Hezbollah រួមទាំង សង្រ្គាមអស់ ពីរខែ ដែលបានធ្វើឱ្យក្រុមនេះ ចុះខ្សោយ យ៉ាងខ្លាំង។

នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ក្រុម Hezbollah ត្រូវទាញយុទ្ធជន របស់ខ្លួនត្រឡប់ទៅភាគខាងជើង នៃទន្លេ Litani ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែនអ៊ីស្រាអែល ដោយទុកឱ្យកងទ័ពលីបង់ និងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាភាគីប្រដាប់អាវុធតែមួយគត់ នៅក្នុងតំបន់។

អ៊ីស្រាអែលត្រូវបានតម្រូវឱ្យដកទ័ព ចេញពីប្រទេសទាំងស្រុង ប៉ុន្តែ បានរក្សាពួកគេ ឲ្យនៅកន្លែងចំនួន ៥ ដែលគេចាត់ទុកថា ជាយុទ្ធសាស្ត្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner