ទូតបារាំង គាំទ្រជំហរកម្ពុជា ក្នុងការដោះស្រាយព្រំដែនជាមួយថៃ ផ្អែកលើច្បាប់អន្តរជាតិ និងត្រៀមផ្តល់ឯកសារ

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានប្រកាសពីជំហរគាំទ្រកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ ហើយបារាំង ត្រៀមខ្លួនផ្នែកផ្តល់ឯកសារនានា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងនៅក្រោយជំនួប។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងប្រទេសទាំងពីរមកដល់បច្ចុប្បន្ន កម្ពុជា និងបារាំង មានភាពល្អប្រសើរ ជាពិសេស ក្នុងពេលដែលឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ក៏បានលើកឡើងពីកិច្ចការងារព្រំដែនរវាងកម្ពុជា និងថៃ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រាប់ពីដំណើរដើមទងនៃជម្លោះជាមួយប្រទេសថៃ ជូនឯកឧត្តម Jacques Pellet ទូតបារាំងប្រចាំនៅកម្ពុជា ។ សម្តេច ថា ភាពតានតឹងនៃបញ្ហាព្រំដែនជាមួយថៃ គឺប្រទេសថៃ គឺជាអ្នកផ្តើមឡើង តាមរយៈលបលួចបាញ់ប្រហារ មកលើកងទ័ពកម្ពុជា នៅតំបន់មុំបី កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត ហើយថៃ បានប្រើប្រាស់វិធីសាស្ត្រគំរាមកម្ពុជា បិទអ៊ីនធើណេត ប្រព័ន្ធភ្លើង ថាមពល និងបិទព្រំដែនដោយឯកតោភាគីជាដើម ។

ដូចជួបជាមួយទូតអន្តរជាតិផ្សេងៗដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការច្បាប់អន្តរជាតិ និងកិច្ចការព្រំដែនរួមគ្នានាពេលកន្លងមក ។ សម្តេចបានស្នើសុំបារាំង បន្តគាំទ្រផ្តល់ឯកសារនានាដល់កម្ពុជា ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដូចអ្វីដែលប្រធានាធិបតីបារាំង សន្យាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កន្លងមក ។

ឯកឧត្តម Jacques Pellet បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានប្រាប់ពីដំណើរដើមទង នៃបញ្ហាព្រំដែនជាមួយថៃ ហើយឯកឧត្តម គាំទ្រចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយតាមច្បាប់អន្តរជាតិ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានសន្យា ក្នុងការផ្ដល់ឯកសារនានាដែលកម្ពុជាបានស្នើសុំផងដែរ ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែន កម្ពុជា-ថៃ ដោយសន្ដិវិធី និងឈរលើយន្តការច្បាប់អន្តរជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner