ជប៉ុនផ្តើមដាក់ពង្រាយកងឧទ្ធម្ភាគចក្រ Osprey នៅមូលដ្ឋានទ័ពថ្មី

តូក្យូ ៖ កងទ័ពជប៉ុន នៅថ្ងៃទី៩ ខែកក្កដា ចាប់ផ្តើមដាក់ពង្រាយកងឧទ្ធម្ភាគចក្រ V-22 Ospreys នៅឯមូលដ្ឋានទ័ពអចិន្ត្រៃយ៍ថ្មី ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន ដែលនេះជាការពង្រឹងផ្នែកការពារជាតិ ចំពេលមានភាពតានតឹងក្នុងតំបន់ ពិសេសកូរ៉េខាងជើង និងចិន។

ចំណាត់ការនេះ គឺជាផ្នែកមួយនៃការបង្កើនកម្លាំងយោធារបស់ប្រទេសជប៉ុន ជាពិសេសនៅតំបន់ភាគនិរតី ពោលគឺផ្តោតចម្បងលើការរារាំងសកម្មភាពវាទទីដែនសមុទ្រកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។

កងកម្លាំងស្វ័យការពារជើងគោករបស់ជប៉ុននិយាយថា ក្រុមដំបូងនៃកងឧទ្ធម្ភាគចក្រ Ospreys ចំនួន១៧គ្រឿងបានហោះហើរទៅដល់មូលដ្ឋានទ័ពថ្មី Camp Saga ហើយនៅសេសសល់ទៀតនឹងហោះហើរមកដល់នាពាក់កណ្តាលខែសីហាខាងមុខ។

យ៉ាងណា ការប្រើប្រាស់ឧទ្ធម្ភាគចក្រ Ospreys V-22 នៅតែមានភាពចម្រូងចម្រាសនៅក្នុងប្រទេសជប៉ុន ជាពិសេសនៅភាគខាងត្បូង ដោយសារតែកើតមានឧបទ្ទវហេតុជាបន្តបន្ទាប់ទាក់ទងនឹងឧទ្ធម្ភាគចក្រដែលផលិតដោយអាមេរិកមួយនេះ។

ជាក់ស្តែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ឧទ្ធម្ភាគចក្រ Osprey របស់កងទ័ពអាកាសអាមេរិកបានធ្លាក់នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត។

ចំណែកនៅខែតុលា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ Osprey កងទ័ពជប៉ុន បានហោះផ្អៀង និងបុកដី នៅពេលព្យាយាមហោះហើរ អំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយយោធាអាមេរិក។ ហើយការស៊ើបអង្កេតបានរកឃើញថា បញ្ហានេះកំហុសរបស់មនុស្ស៕

ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner