រុស្ស៊ី និងកម្ពុជា គ្រោងប្រារព្ធខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី
ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ឆ្នាំនេះ រុស្ស៊ីគ្រោងប្រារព្ធខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា ហើយថា ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ បានបង្ហាញអោយច្បាស់លាស់ អំពីអន្តរកម្មសកម្មរបស់ប្រទេសយើងទាំងពីរ។

ឯកឧត្តម Borovik បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។ ឯកឧត្តម Borovik បន្តថា កាលពីខែមេសា ឆ្នាំ២០២៥ កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនិងបច្ចេកទេសត្រូវបានធ្វើឡើង។

លោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើជាសហប្រធាន។ ព្រឹត្តិការណ៍នេះ បានជំរុញដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងរួចហើយ ដោយក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមអ្នកធុរកិច្ចកម្ពុជាបានធ្វើដំណើរទៅរុស្ស៊ី ដើម្បីពិភាក្សាអំពីទស្សនវិស័យនៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ភស្តុភារ ទេសចរណ៍ សំណង់ និងឱសថ។ ដូច្នេះឯកឧត្តមប្រាកដថា ជំហានទាំងនេះនឹងជួយឱ្យទំនាក់ទំនងរបស់យើងឆ្ពោះទៅរកកម្រិតថ្មីមួយប្រកបដោយគុណភាព។

ឯកឧត្តម Borovik បន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ត្រូវបានកត់សម្គាល់ដោយការសំចតរបស់នាវារុស្ស៊ីនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ យើងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយភាសារុស្ស៊ី។ សមិទ្ធិផលដ៏សំខាន់មួយនៅក្នុងវិស័យនេះ គឺជាការបើកវគ្គបណ្តុះបណ្តាលភាសារុស្ស៊ីរយៈពេលពីរខែដែលបានចាប់ផ្តើមនៅសាកលវិទ្យាល័យជាតិមានជ័យ សម្រាប់និស្សិតកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃប្រទេសរុស្ស៊ីនៅកម្ពុជា។ ក្នុងរយៈពេលពីរថ្ងៃ កិច្ចប្រជុំចំនួនប្រាំពីរត្រូវបានធ្វើឡើង ឯកសារចំនួនបីច្បាប់ត្រូវបានចុះហត្ថលេខា ដោយបើកឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នសាមីខ្លួននៃប្រទេសទាំងពីរ ក្នុងវិស័យការពារសិទ្ធិប្រជាពលរដ្ឋ។ ដំណើរទស្សនកិច្ចបែបនេះមានផលប្រយោជន៍ សម្រាប់ការបង្កើតទំនាក់ទំនងផ្ទាល់ដែរ។
ឯកឧត្តម Borovik បានបញ្ជាក់ទៀតថា មិត្តកម្ពុជារបស់យើងតែងតែធ្វើដំណើរទៅរុស្ស៊ី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។ ក្នុងចំណោមនោះមានវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងSt. Petersburg កិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃតំណាងជាន់ខ្ពស់សម្រាប់កិច្ចការសន្តិសុខ កិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី និងសន្និសីទអន្តរជាតិលើកទី៥ ស្តីពីការគំរាមកំហែងជីវសុវត្ថិភាពសកល បញ្ហា និងដំណោះស្រាយ។
តំណាងកម្ពុជានឹងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលនឹងប្រព្រឹត្តដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង “ICT-Crime 25” ដែលនឹងធ្វើឡើងនៅទីក្រុង St. Petersburg នៅថ្ងៃទី២៤-២៦ ខែកក្កដាខាងមុខនេះ។ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងភ្នំពេញ បន្តអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ហើយយើងថ្លែងអំណរគុណចំពោះសហការីកម្ពុជា ដែលត្រៀមខ្លួនបន្តកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងអស់៕ អត្ថបទ និង រូបភាព ៖ ឈឹម ទីណា
