ទឹកដីល្បីរសជាតិផ្លែទុរេនឆ្ងាញ់ ទទួលបានសមិទ្ធផលថ្មីនូវផ្លូវក្រាលកៅស៊ូនិងស្ពានថ្មថ្មី

បាត់ដំបង៖ទឹកដីដែលកំពុងល្បីល្បាញទាំងក្នុង និងក្រៅប្រទេសពីរសជាតិផ្លែ​ទុរេនធម្មជាតិរបស់ខ្លួន ខណៈនេះស្រុក​សំឡូត ខេត្តបាត់ដំបង បានទទួលនូវ​ផ្លូវកៅស៊ូប្រភេទ DBSTប្រវែងបួនគីឡូម៉ែត្រ​និងស្ពានបេតុងថ្មីសន្លាងប្រវែង​១៨ម៉ែត្រ ។

ដោយចាប់ផ្តើមពីភូមិអូរច្រាប ទៅភូមិបឹងរុន នៃឃុំចំការចេក និងឃុំសំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ផ្លូវ​មួយខ្សែប្រភេទDBSTប្រវែងបួនគីឡូម៉ែត្រ ទទឹងប្រាំមួយ​ម៉ែត្រ​ដែលជាគម្រោងសាងសង់បន្តភ្ជាប់​គម្រោងចាស់​សម្រាប់​ឆ្នាំ២០២៥ និងស្ពាន​បេតុង​មួយកន្លែងប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ព្រមទាំងលូមូលមុខបីចំនួន​មួយត្រូវ​បានសាងសង់ឡើងនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

មុននឹងឈានទៅដល់ការប្រគល់ជាផ្លូវការឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង​មន្ត្រី​តំណាងអន្តរ​ក្រសួងពាក់ព័ន្ធ ក្នុងសប្ដាហ៍នេះបានអញ្ជើញ​ពិនិត្យវាយតម្លៃ​កម្រិត​គុណភាពផ្លូវ និងសំណង់​សិល្បការ​នៅទីនោះ ក្រោយពីគម្រោងនេះត្រូវបានបិទបញ្ចប់ ។

ឈរលើផ្លូវក្រាលកៅស៊ូទើបសង់ថ្មី ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍ជនបទបញ្ជាក់ថា ផ្លូវមួយខ្សែ​នេះនឹង​រួមចំណែកក្នុងការលើកកម្ពស់​កម្រិតគុណភាពផ្លូវជនបទ ហើយពិតជាផ្តល់សារៈប្រយោជន៍សំខាន់
ដល់​​​​ប្រជាពលរដ្ឋ ដែលរស់នៅភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋពីតំបន់ដទៃធ្វើដំណើរ​ឆ្លងកាត់​ផ្លូវក្នុងការធ្វើពាណិជ្ជកម្មឬ​ទេសចរជាដើម។

ក្នុងឱកាសនេះតំណាងប្រជាពលរដ្ឋទទួលផលដោយផ្ទាល់​ពីផ្លូវមួយខ្សែនេះ​ បាន​បង្ហាញនូវ​ទឹក​ចិត្តត្រេកអរចំពោះសមិទ្ធផលថ្មី។ពួកគាត់បានថ្លែងអំណរគុណ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងក្រសួងអភិវឌ្ឍន៍ជនបទដែលបានគិតគូរដល់ជីវភាពប្រជាពលរដ្ឋ
នៅតាមមូលដ្ឋាន តាមរយៈនៃការកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវនានា។

ដូចអ្វីដែលតំណាងប្រជាពលរដ្ឋបានបញ្ជាក់សមិទ្ធផលថ្មីនៅទឹកដីស្រុកសំឡូត មិនត្រឹមតែជំរុញសក្តានុពលផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម នៅតំបន់​នេះប៉ុណ្ណោះទេ តែបានរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកម្ពុជាក្លាយជា
ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០យ៉ាងពិតប្រាកដ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner