ពលករថៃ ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃ​បានចាប់ខ្លួន

(ភ្នំពេញ)៖ ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលហៀបនឹង​មកដល់​កម្ពុជា ដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ។

បើតាមកាសែតដដែល ពលករថៃទាំាង៦នាក់ ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់​ព្រំដែន​របស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជា​ដើម្បីធ្វើការ​នៅភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ការឆ្លងដែនមកធ្វើការទៅវិញទៅមករវាងប្រជាជន​នៃប្រទេស ដែលមានព្រំដែនជាប់គ្នាជារឿងធម្មតា។ ពោល គឺនៅកម្ពុជាក៏មាន​ពលរដ្ឋថៃមកធ្វើការប្រមាណជាង៦ពាន់នាក់ផងដែរ។

លោក ស៊ុន មេសា បញ្ជាក់ថា៖ «នេះមានន័យថា ទីផ្សារការងារនៅកម្ពុជាសម្បូរ និងមានលក្ខណៈល្អ ហើយប្រាក់ឈ្នួលសមរម្យ ដែលធ្វើឲ្យពលរដ្ឋប្រទេសជិត​ខាងមកធ្វើការនៅកម្ពុជា»។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែលរូបនេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឆ្លងព្រំដែនខុសច្បាប់ទៅកាន់ប្រទេសថៃ​ក្នុងដំណាក់កាលនេះ ព្រោះអាចនឹងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការរើស​អើង​ណាមួយ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយបងប្អូនគួរតែធ្វើការនៅក្នុងប្រទេស​កម្ពុជាយើងវិញ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺន​កន្លែង​នៅទូទាំងប្រទេស។

បើតាមអ្នកនាំពាក្យដដែល ការធ្វើការនៅកម្ពុជា មានការចំណាយតិចជាង មាន​ការ​ថែទាំសុខភាព មានការថែទាំលើផ្នែកគ្រោះថ្នាក់ការងារ និងមានប្រាក់​សោធន​និវត្តន៍​ថែមទៀតផង ខណៈដែលធ្វើការនៅប្រទេសថៃ ពលករកម្ពុជាមិនទទួលបាន​ប្រាក់​សោធននិវត្តន៍នោះឡើយ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner