រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើអេកូទេសចរណ៍ ពង្រឹងបដិសណ្ឋារកិច្ច សេវាកម្មឱ្យបានប្រសើរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធានធម្មជាតិ

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកា បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប លើកទី២ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជានេសាទ និងការគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាប» ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាយន្តការសំខាន់មួយសម្រាប់ការអភិវឌ្ឍ និងការអភិរក្ស ធនធានធម្មជាតិ ដោយផ្តល់ឱកាសឲ្យប្រជាជនមានចំណូល បង្កើតការងារ និងចូលរួមក្នុងការសម្រេចចិត្ត ពាក់ព័ន្ធនឹងអភិវឌ្ឍមូលដ្ឋាន ។

ឯកឧត្តម ហួត ហាក់ បន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្ដិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

ឯកឧត្តម ថា ជាការពិត សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទី មោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោល ដល់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកវិស័យទេសចរណ៍ឱ្យនៅបន្តជាវិស័យអាទិភាព មួយសម្រាប់កំណើនសេដ្ឋកិច្ច ។

ឯកឧត្តមបានជំរុញឲ្យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើបដិសណ្ឋារកិច្ចស្តង់ដា កែលម្អគុណភាពសេវាកម្ម និងផ្តោតលើកត្តាអនាម័យ បរិស្ថាន និងភាពទាក់ទាញ ដើម្បីបង្កើនទំនុកចិត្តភ្ញៀវ និងការចំណាយរយៈពេលនៅក្នុងតំបន់ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា មានវិវឌ្ឍន៍លើគ្រប់វិស័យ ពីចំនួនភ្ញៀវអន្តរជាតិប្រមាណជាង ២៩ម៉ឺននាក់ នៅឆ្នាំ១៩៩៨ ទៅដល់ជាង ៦,៦លាននាក់ នៅឆ្នាំ២០១៩ ។ នៅឆ្នាំ២០២៤ កម្ពុជា បានទទួលភ្ញៀវអន្តរជាតិជាង ៦,៧ លាននាក់ និងទេសចរជាតិជាង ២២,៥ លាននាក់ ។ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ ក៏មានភ្ញៀវអន្តរជាតិប្រមាណ ៣លាននាក់ ដោយមានអត្រាកើនឡើងជិត ១១.៧% បើប្រៀបធៀបនឹងឆ្នាំមុន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner