ឯកឧត្តម សុខ សូកេន បញ្ជាក់ថា ការចូលរួមរបស់បងប្អូនសមរភូមិក្រោយ គឺជាការរួមគ្នាការពារ បូរណភាពទឹកដី មិនមែនជាការឈ្លានពាននោះទេ
ព្រះវិហារ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានប្រសាសន៍ថា ការចូលរួមរបស់បងប្អូនប្រជាជន និងមន្ត្រីរាជការនៅសមរភូមិក្រោយ គឺប្រពៃណីយ៍របស់កម្ពុជានៅក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងកម្លាំងវីរ:យុទ្ធជនក្នុងស្មារតីចូលរួមការពារបូរណភាពទឹកដី មិនមែនជាការប៉ុនប៉ងបង្កសង្គ្រាម ឬឈ្លានពានទឹកដីគេនោះទេ។
ការលើកឡើងនេះ បានធ្វើឡើងនៅចំពោះមុខកងវីរ:យុទ្ធយុទ្ធជន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខទិសប្រាសាទព្រះវិហារ ក្នុងគ្រាដែលឯកឧត្តម សុខ សូកេន ដឹកនាំប្រតិភូក្រសួងអធិការកិច្ច ចុះជួបសំណេះសំណាលសួរ សុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្តម និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះ ក្រសួងអធិការកិច្ច និងសប្បុរសជន ប្រគល់ជូនបងប្អូនកងកម្លាំងនៅទីបញ្ជាការកងអង្គរក្ស ស្ថិតនៅភូមិមរកតតេជោ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងការចុះជួបប្រាស្រ័យដោយផ្ទាល់នេះ ឯកឧត្តម សុខ សូកេន បានពាំនាំការសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងគ្រប់ប្រភេទប្រកបដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងបាន លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ ឯកជន ប្រជាជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសឱ្យមានឱកាសចូលរួមដោយស្ម័គ្រ ចិត្ត ក្នុងស្មារតីជាតិនិយម ស្រឡាញ់សន្តិភាព រួមគ្នាជាធ្លុងមួយ តាមរយ:នៃការប្រើកម្លាំងសរុប មធ្យោបាយសរុប ជាមួយកម្លាំងវីរ:យុទ្ធជននៅគ្រប់សមរភូមិ ក្នុងការ ការពារអធិបតេយ្យភាពរបស់មាតុភូមិកម្ពុជាយើង។
ជាក់ស្តែង នាពេលនេះ ក្រុមគ្រួសារក្រសួងអធិការកិច្ច នឹងមានការចូលរួមពីសប្បុរសជនមួយចំនួន បាននាំយកនូវអំណោយ ជាស្បៀង អង្ករ គ្រឿងឧបភោគ បរិភោគ ភេសជ្ជ: សម្ភារ:ប្រើប្រាស់ និងថវិកា មកជូនកងកម្លាំងយើង ក្នុងបុព្វហេតុ តែមួយដូចគ្នា គឺការពារខឿនឯករាជ្យជាតិ និងប្រជាជន។
ទន្ទឹមគ្នាជាមួយនឹងថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភណ្ឌពិភពលោក ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានរំលឹកសង្ខេបពីព្រិត្តិការណ៍ប្រវត្តិ នៃ ស្នាដៃរបស់ប្រមុខដឹកនាំកម្ពុជា ក្នុងឆន្ទ:មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានការ ចូលរួមពីសម្តេច វិបុលបញ្ញា សុខ អាន យ៉ាងស្វិតស្វាញលើសមរភូមិការទូត ផ្អែកលើច្បាប់ក្នុងការដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិរបស់មនុស្សជាតិលើពិភពលោក ពិសេសត្រូវបានពិភពលោកទទួលស្គាល់ថា ប្រាសាទ ព្រះវិហារជាកម្មសិទ្ធរបស់ខ្មែរ។
ឯកឧត្តម សុខ សូកេន ជំនួសមុខឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច និងក្នុងនាមអ្នកបន្តវេន ក្រោមការដឹកនាំរបស់សម្តេចបវរធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចូលរួមការពារជាដាច់ខាតក្នុងបុព្វ ហេតុការពារអធិបតេយ្យភាព ការពារសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
រូបភាព: ក្រសួង
អ: វណ្ណា













