រដ្ឋបាលរាជធានីភ្នំពេញ នាំយកទៀនព្រះវស្សា និងទ័យវត្ថុ បច្ច័យ ប្រគេនដល់វត្តចំនួន ១៥១វត្ត និង ៥សាលាបុណ្យ សម្រាប់បុណ្យចូលព្រះវស្សា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតទៅប្រគេនដល់វត្តចំនួន ១៥១វត្តនិង ៥សាលាបុណ្យក្នុងរាជធានីភ្នំពេញសំរាប់បុណ្យចូលព្រះ វស្សាក្នុងន័យចូលរួមពិធីបុណ្យចូលព្រះវស្សាដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

នៅរសៀលថ្ងៃទី១០ កក្កដាឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីវេរទៀនព្រះវស្សានិងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រគេនដល់ព្រះសង្ឃចំនួន ១៥១វត្ត និង ៥សាលាបុណ្យក្នុងរាជធានីភ្នំពេញដែលពិធីនេះបានរៀបចំជាសរុបនៅក្នុងបរិវេណវត្តនាគវន័្តក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ។

តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល ៣ខែ រាប់ពីថ្ងៃ ១រោចខែអាសាធ ដល់ ថ្ងៃ១៥កើត ខែ កត្តិក ។ ក្នុងរយៈពេល ៣ខែនេះនៅគ្រប់ព្រះវិហារទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឱ្យឆេះជានិច្ច។ តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ៣ខែដោយមានធុរះអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឱ្យគ្រប់៣ខែដូចព្រះសង្ឃដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ១រោជខែកត្តិក ។

ចំពោះទ័យទានដែលត្រូវប្រគេនដល់ព្រះសង្ឃតាមវត្តទាំង ១៥១វត្តនិង ៥សាលាបុណ្យ ដោយក្នុង ១វត្ត និង ១សាលាបុណ្យមាន បច្ច័យ ៤០០.០០០រៀល,ទៀនវស្សា១គូ ,អង្ករ ១០០គីឡូក្រាម សាដក១ ស្ករស ១បាវ ២៥គីឡូក្រាម,ទឹកដោះគោខាប់ ១កេស ទឹកក្រូច ៤កេស ទឹកបរិសុទ្ធ ៤កេស មី ៤កេសតូច ត្រីខកំប៉ុង ១កេស ស្មើ ១០០កំប៉ុង ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner